2025-05-08 14:38
15

ព្រៃវែង៖ ក្រុមគ្រួសារជនសពជនរងគ្រោះក្នុងករណី “ឃាតកម្ម” ដែលជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ស្ថិតនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែង មិនទាន់ទាំងស្ងប់ចិត្តផង ស្រាប់តែខណៈពេលកំពុងបូជាសពមិនទាន់ទាំងរួចរាល់ស្រួលផង ស្រាប់តែម្ចាស់មេនបញ្ជាឱ្យកូនចៅរុះរើមេនចេញទាំងយប់ បង្កឱ្យផ្ទុះជន្លោះពាក្យសម្តីតឹងសសៃកស្ទើផ្ទុះទៅជាអំពើហិង្សា ធ្វើឱ្យអ្នកមេន និងអាចារ្យភ្លុកចោទដាក់គ្នាទៅវិញទៅមក។

តាមសេចក្តីរាយកាណ៍បានឱ្យដឹងថា ករណីម្ចាស់មេនបញ្ជាឱ្យកូនចៅរុះរើមេនដុតសពទាំងតក់ក្រហល់ ខណៈពិធីបូជាជនរងគ្រោះមិនទាន់ចប់ចុងចប់ដើមនេះ គឺផ្តើមឡើងដោយសារអ្នកជួលមេនជាសាច់ញាតិជនសង្ស័យ ដែលធ្វើឱ្យសាច់ញាតិនៃសព និងប្រជាពលរដ្ឋសម្តែងការហួសចិត្តយ៉ាងខ្លាំង។

តាមប្រភពវីដេអូឃ្លីបដែលក្រុមគ្រួសារសព បានរៀបរាប់ថា៖ «យាយតារបស់គាត់ពីរនាក់ប្តី-ប្រពន្ធត្រូវបានឃាតករកាប់សម្លាប់យ៉ាងអាណោចអាធម្មបំផុតក្នុងថ្លុកឈាមមិនទាន់ទទួលបានយុត្តិធម៌ផង ស្រាប់តែពេលកំពុងបូជាសពមិនទាន់ទាំងរួចរាល់ផង ស្រាប់ក្រុមមេនបានរុះរើសទាំងយប់ ដោយមិនបានប្រាប់ម្ចាស់ដើមបុណ្យសពឱ្យដឹងឡើយ។ ដោយឃើញក្រុមមេនរុះរើទាំងសពបូជាមិនទាន់រួបបែបនេះ ក្រុមគ្រួសារសាច់ញាតិ បានសួរនាំទៅអ្នកគ្រប់គ្រង់គាត់ឆ្លើយថា ធ្វើតាមមេរបស់ខ្លួន និងតាអាចារ្យភ្លុកបញ្ជាឱ្យរុះរើ និងបានប្រាប់ទៅអ្នកដែលទាក់ទងជួលមេនតាំងម៉ោង៥ល្ងាចម្លេះ»។ 

ក្រោយផ្ទុះជម្លោះរវាងម្ចាស់មេន និងកូនចៅនៃសពបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមានអ្នកភូមិ និងលោកមេភូមិបានចុះមកសម្រុះសម្រួលដោយអ្នកមេនមានទទួលកំហុសរបស់ខ្លួន និងរៀបចំពិធីបូជាសពឱ្យស្រួលបួលវិញ។ ចំពោះការរុះរើមេនទាំងតក់ក្រហល់នេះ គឺពួកគេធ្វើបានបញ្ជារបស់មេ និងតាអាចារ្យ ដោយទូរសព្ទប្រាប់ទៅអ្នកដែលជួលមេនដែរ ប៉ុន្តែក្រុមគ្រួសារសពរកថាគ្មានអ្នកណាបានដឹងនោះទេ និងបានសួរមុខអ្នកបញ្ជាឱ្យមែន ដើម្បីសួរនាំឱ្យដឹងរឿងរ៉ាវថាមូលហេតុអ្វីបានរុះរើមេនទាំងសពបូជាមិនទាន់ចប់បែបនេះ គឺមិនដែលជួបប្រទះទេ។

សូមជម្រាបថា កាលពីវេលាម៉ោង ១៥និង០០នាទី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ ជនសង្ស័យមានឈ្មោះ ប៊ីន សុភី ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាពចោលដុំថ្មទៅលើដំបូលផ្ទះជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ ហើយពួកគាត់ក៏បានជេរទៅលើជនសង្ស័យ។ ដោយសារខឹងជនរងគ្រោះជេរខ្លួនរឿងគប់ដុំថ្មលើផ្ទះ បានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ជឹម យុទ្ធ ចំនួន ៣ទៅ៤កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ឃើញដូច្នេះស្ត្រីជាប្រពន្ធមានឈ្មោះ ទេស ផល មកជួយក៏ត្រូវជនសង្ស័យកាប់ ០១កាំបិត ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា៖ «ចំពោះមូលហេតុនាំឱ្យកើតមានអំពើឃាតកម្មនេះ គឺជនសង្ស័យធ្លាប់មានគំនុំជាមួយជនរងគ្រោះយាយតាពីរប្តី-ប្រពន្ធ ហើយបច្ចុប្បន្ន ជនសង្ស័យជាឃាតករត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពាមរក៏ ដើម្បីបន្តនីតិវិធី»៕