2025-05-08 13:57
9

ខេត្តបាត់ដំបង៖  យោងតាមការចេញផ្សាយតាមផេកផ្លូវការរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង នៅនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គ្រឿងសមុទ្រស្រស់ជាង ៣៤ គីឡូក្រាម ត្រូវនបានមន្ត្រីជំនាញ ក.ប.ប. សាខាខេត្ត បាត់ដំបង ដកហូត ពីអាជីវករលក់ដូរគ្រឿងសមុទ្រនៅផ្សារបឹងឈូក ក្រុងបាត់ដំបង បន្ទាប់ពីបានរកឃើញសារធាតុគីមី ហាម ឃាត់ ដែលសារធាតុគីមីហាមឃាត់ទាំងនោះ ធ្វើឱ្យមាន ការប៉ះពាល់ដល់សុខភាពសាធារណៈ ដើម្បីយកទៅដុតកម្ទេចចោល។

ការរកឃើញសារធាតុគីមីហាមឃាត់នេះ ធ្វើឡើងក្នុងពេលដែលមន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អមដោយរថយន្តមន្ទីរពិសោធន៍ខ្នាតតូចមួយគ្រឿង បានចុះត្រួតពិនិត្យលើមុខទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារបឹងឈូក ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ បានយកសំណាកតាមទីតាំង-តូប ចំនួន១២ ដើម្បីធ្វើការវិភាគរកសារធាតុគីមីហាមឃាត់លើសំណាកគំរូចំនួន១៩គំរូ រួមមាន ៖ បង្គារស្រស់ ដៃមឹកយក្ស មឹកស្រស់ មឹករំដួល ប្រហិតសាច់គោ សាច់ប៉ាត់តេ សរសៃគុយទាវ ផ្នែកជ្រក់ មានជ្រក់ស្ពៃ តាសក់ស្រូវ ម៉ាំល្ហុង មីលឿងពងទា ណែមត្រី ណែមស្បែកជ្រូក សណែ្តកបណ្តុះ នំស្លឹកស្រស់ នំចាំង ទឹកខ្មេះ សៀងជាដើម។

ជាលទ្ធផលមន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង បានធ្វើការដកហូតនូវដៃមឹកយក្ស មឹករំដួល មឹកស្រស់ សរុប ៣៤.៥ គីឡូក្រាម បន្ទាប់ពីបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រទាំងនោះ យកមកសាខាខេត្តបាត់ដំបង ធ្វើការកម្ទេចចោលតាមនីតិវិធីជាធរមាន ដើម្បីកុំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

មន្ត្រីជំនាញ ក.ប.ប.សាខាខេត្តបាត់ដំបង បានពន្យល់ណែនាំ និងផ្សព្វផ្សាយបន្ថែមដល់ក្រុមអាជីវករ អំពីអនាម័យម្ហូបអាហារ ត្រូវធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពខ្ពស់ ក្នុងការលក់ជូនអតិថិជន៕