2025-05-08 15:14
13

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំថែមទៀត ក្នុងវិស័យបរិស្ថាន និងការជំរុញការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ដែលមានប្រទេសជាច្រើនកំពុងប្រឈមនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយ ក្នុងនោះកម្ពុជា និងកូរ៉េ បានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុនេះផងដែរ។ 

ខាងលើនេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា និងក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានធ្វើឡើងក្នុងជំនួបទ្វេរភាគី រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kim Wansup រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២៥។ 

ក្នុងឱកាសនោះ ឯកឧត្តម  Kim Wansup រដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-កូរ៉េ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិកន្លងមកបានល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់ថា កូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ជាពិសេសការដោះស្រាយការបំពុល ដោយប្លាស្ទិក ដើម្បីលើកម្ពស់សោភ័ណភាព សុខភាពរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានកូរ៉េ បានបន្តថា «ប្រទេសកូរ៉េកំពុងរៀបចំផែនការជាតិ រួមចំណែកការប្រែប្រួលអាកាសធាតុ NDC ដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិ នៅអំឡុង ខែសីហា ឆ្នាំ២០២៥ ខាងមុខ មុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30)»។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានបានថ្លែងថា កម្ពុជានិងកូរ៉េមានគោលដៅរួម គឺធ្វើយ៉ាងណាឱ្យពិភពលោក មានភាពស្អាត មានភាពបៃតង និងការរស់នៅដោយចីរភាព ជាពិសេសកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់មនុស្សជាតិ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងដែលមានសសរស្តម្ភ៣ គឺ “ភាពស្អាត ភាពបៃតង និងចីរភាព”។ ចំពោះភាពស្អាត គឺក្រសួងបានដាក់ចេញវិធានការ កាត់បន្ថយការបំពុលដោយប្លាស្ទិក»។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា «ក្រសួងបរិស្ថានកម្ពុជាបានដាក់ចេញ នូវយុទ្ធនាការផ្សព្វផ្សាយ បំផុសសកម្មភាព និងប្រែក្លាយទៅជាចលនា បន្តទៅជាវប្បធម៌ និងទម្លាប់ល្អ របស់ប្រជាជន នៅក្នុងការរក្សាភាពស្អាត តាមរយៈ១-យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១១ លាននាក់ នៅទូទាំងប្រទេស។ ២-យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ៦ លាននាក់ នៅទូទាំងប្រទេស និង ៣-យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដាក់ចេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផលរហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ប្រវែងផ្លូវសម្អាតបាន ៣៤៤០.០៦គីឡូម៉ែត្រ ចំនួនអ្នកចូលរួម ជិត ២០ម៉ឺននាក់។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាបានដាក់ចេញភាពស្អាត ទាំងនៅលើដី ក្នុងដែនទឹក និងលើមេឃ។ ចំពោះការកាត់បន្ថយការបំពុលប្រភពទឹកសាធារណៈ ជាពិសេសទន្លេសាប និងទន្លេមេគង្គ ក្រសួងបានដាក់ចេញនូវយុទ្ធនាការ «សំអាតទន្លេសាប» និងបានរៀបចំឯកសារទស្សនទានរួចរាល់ ដើម្បីធ្វើការស្តារ និងប្រមូលសំរាម សំណល់ប្លាស្ទិកទាំងលើគោក និងក្នុងទឹកទន្លេ។ ជាមួយគ្នានេះក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ «ពន្លកបៃតង» ជំរុញការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ហើយនៅឆ្នាំ២០២៥នេះ ក្រសួងគ្រោងចែកកូនឈើ ជូនប្រជាពលរដ្ឋ យកទៅដាំចំនួន៣លានដើមបន្ថែមទៀត រួមជាមួយការជំរុញផែនការសកម្មភាព លើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងប្រែក្លាយជាសហគមន៍អព្យាក្រឹតកាបូន។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកន្លងមក សារធារណរដ្ឋកូរ៉េបានផ្តោតលើ់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់ គុណភាពខ្យល់ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈការសម្របសម្រួល ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) កម្ពុជា ក្នុងការបង្កើតនូវសមិទ្ធិផល វិស័យបរិស្ថានជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការ ការចុះអនុស្សារណៈយោគយល់គ្នា ជាច្រើន។

 ជាក់ស្តែង ការដាក់អោយដំណើរការគម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នមេតាននៅកម្ពុជា ក្រោមកិច្ចសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្រសួងបរិស្ថាន មានកិច្ចសហប្រតិបត្តិការរៀបចំវិធានការ សម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យកាត់ដេរនៅកម្ពុជា នៅក្នុងផែនការជាតិរួមចំណែក ការប្រែប្រួលអាកាសធាតុ NDC3.0 ដែលកម្ពុជាគ្រោងនឹងបញ្ជូន ទៅអង្គការសហប្រជាជាតិ នៅក្នុងអំឡុង ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ ជាមួយគ្នានេះក្រុមហ៊ុនកូរ៉េជាច្រើន កំពុងតែចូលរួមរៀបចំ គម្រោងឥណទានកាបូនពីវិស័យឧស្សាហកម្ម និងដឹកជញ្ជូន រួមចំណែកអនុវត្តមាត្រាទី ៦ នៃកិច្ចព្រមព្រៀងប៉ារីស៍ និងកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនផងដែរ៕