
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែកញ្ញានេះ បានបង្ហោះសារអបអរសាទរខួបទី៣២ឆ្នាំ ដែលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣ - ២៤ កញ្ញា ឆ្នាំ២០២៥)។
សម្តេចតេជោបានលើកឡើងថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២៥ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល៣២ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា «ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត»។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺ “អំណាចនីតិបញ្ញត្តិ, នីតិប្រតិបត្តិ, តុលាការ” ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម៕