2025-09-24 15:55
36

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ថៃដែលថាអ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា។ ក្រសួងការបរទេស បានបញ្ជាក់ថា «ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ»

ក្រសួងការបរទេសបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានអះអាងក្នុង សន្និសីទសារព័ត៌មានថា «អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃ ដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យប្រទេសថៃ ត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ»។ ពាក់ព័ន្ធការចោទប្រកាននេះ ក្រសួងការបរទេសកម្ពុជា យល់ថាជាការចាំបាច់ត្រូវតែឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍បំភ្លៃការពិតរបស់ថៃជាបន្ទាបន់ ដោយបង្ហាញនូវក្តីព្រួយបារម្ភផងដែរ។

ក្រសួងការបរទេសកម្ពុជា បានប្រតិកម្ម និងឆ្លើយតបទៅភាគីថៃវិញថា ថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍ ពិសេសនៅក្នុងអំឡុងរស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ពេលបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ពេលវេលានៃការអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមនេះ គឺជារឿងគួរឱ្យបារម្ភជាខ្លាំង។ ជាការចាំបាច់ ដែលត្រូវបញ្ជាក់ផងដែរថា សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០០ (MOU 2000)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងសងខាងបាន ឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។ លក្ខខណ្ឌយោងឆ្នាំ២០០៣ ស្តីពីកិច្ចការនេះចែងថា «ការកំណត់ខណ្ឌសីមាព្រំដែនត្រូវឆ្លងប្រាំដំណាក់កាលទើបចប់»

កម្ពុជា បានបញ្ជាក់ថា «ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និងដីស្រែចម្ការរបស់ពួកគេ»

គួរបញ្ជាក់ផងដែរថា ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខ៤៣ ប៉ុន្តែមិនទាន់បានឯកភាពគ្នាលើទីតាំងដែលមានភូមិព្រៃចាន់ ស្ថិតនៅចន្លោះនោះទេ។ ដូច្នេះ វាជារឿងបំភ្លៃបំភ័ន្តយ៉ាង លេខ៤៣ ដល់បង្គោលលេខ៤២ ដើម្បីធ្វើជាទឡឹករណ៍សំអាងថាឧប្បត្តិហេតុហិង្សាលើបាតុករកើតឡើងនៅក្នុងទឹកដីថៃ។

ក្រសួងការបរទេស បានបន្ថែមទៀតថា សូម្បីតែតាមបន្ទាត់ត្រង់គូសក្រៅផ្លូវការមិនត្រឹមត្រូវដូចឃើញនៅក្នុងផែនទីផ្តល់ព័ត៌មាន ដែលបង្ហាញដោយភាគីថៃនេះ នៅលើដីជាក់ស្តែង គឺមានជនជាតិថៃបានកាន់កាប់ និងធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំលើផ្ទៃដីជាច្រើនហិកតា ដែលស្ថិតនៅហួសខ្សែព្រំដែនចូលមកខាងកម្ពុជា។ ដូច្នេះ ពិចារណាលើភាពស្មុគស្មាញនៃបញ្ហាលើកំណាត់ព្រំដែននេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះស្រាយបញ្ហាតំបន់ជម្លោះនេះ តាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការប៉ុនប៉ង អនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យ រួមទាំងតាមរយៈការប្រើកម្លាំងបណ្តេញអ្នកភូមិកម្ពុជា។

សូមរំលឹកផងដែរថា ក្នុងក្របខណ្ឌនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ កម្ពុជា បានធ្វើការតវ៉ាផ្លូវការជាច្រើនដងទៅភាគីថៃ ដោយស្នើសុំឱ្យមានការកែតម្រូវនៅតំបន់ដែលមានរំលោភបំពានព្រំដែនចូលមកខាងកម្ពុជា ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ ភាពតានតឹងនាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការព្រំដែនចម្រុះ ឱ្យផ្តល់ អាទិភាព និងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាលើកំណាត់ព្រំដែននេះ ដោយស្របពេលគ្នានេះ រក្សាបាននូវបរិយាកាសអំណោយផលសម្រាប់ឱ្យគណៈកម្មការព្រំដែនចម្រុះបន្តការងារស្របតាមអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទឈប់បាញ់ ដូចដែលបានកត់ត្រាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា និងថ្ងៃទី១០ ខែកញ្ញា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ក្នុងខែសីហា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ ដូចដែលបានអះអាង និងតាមរយៈការបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅ អស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្តេញចេញរួចហើយត្រឡប់ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាំព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយដោយស្មារតីមេត្រីភាពចំពោះរាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕