
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។
នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា យោធភូមិភាគទី៥ កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។



