
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហេង រតនា អគ្គនាយកអង្គភាព «ស៊ីម៉ាក់» បានលើកឡើងថា ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣ មកម្លេះ។
លោក ហេង រតនា បានបន្ថែមថា ការបោសសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព បានចាប់ផ្តើម និងបានចែកចេញជាដំណាក់កាលសំខាន់ដូចតទៅ៖ ឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វើការបោសសម្អាតមីន ដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ឆ្នាំ១៩៩៨-២០០៣ ដំណាក់កាលនៃការបោសសម្អាតមីន ដើម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អគ្គនាយកស៊ីម៉ាក់ បានបន្ថែមទៀតថា ការដំណើរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងលឺ និងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។
រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរ និងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។
លោក ហេង រតនា បានបញ្ជាក់ថា «ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រើប្រាស់កម្លាំង និងច្បាប់សឹកស្អីនោះទេ ព្រោះទង្វើបែបនេះ បង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត»៕


