2025-09-23 09:51
150

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សា ទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ 

សម័យប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នា ដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស”។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 

អំឡុងពេលនៃកិច្ចពិភាក្សាទូទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់និង ការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសៃប៊័រ និងភាពធន់នឹងអាកាសធាតុ។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ សមភាគីបរទេស និងអង្គការអន្តរជាតិ នាអំឡុងសប្តាហ៍ជាន់ខ្ពស់នេះ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃគូទ្វេភាគី និងពហុភាគី និងការរួមចំណែករបស់កម្ពុជាចំពោះ “សន្តិភាព និងវិបុលភាពពិភពលោក”។

ខណៈដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី៨០ របស់ខ្លួន កម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាតចំពោះ សន្តិភាព ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការការពារសិទ្ធិមនុស្ស៕