
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជន ចំនួន ០៥ នាក់ ពាក់ព័ន្ធករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនរងគ្រោះម្នាក់ ជាជនជាតិកូរ៉េ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនយកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
តាមប្រភពបានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥ នាក់ បានធ្វើសកម្មភាព ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។
ជនរងគ្រោះក្នុងអំពើចាប់បង្ខាំង និងធ្វើទារុណកម្មខាងលើ មានឈ្មោះ HA CHEONGIL ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M087L6505 ។
ចំណែកជនសង្ស័យឃាត់ខ្លួន ចំនួន ០៥ នាក់ រួមមាន ទី១៖ ឈ្មោះ ZHAO YUNLONG ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EEI877707, ២៖ ឈ្មោះ XU TONGHUI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE7877069, ៣៖ ឈ្មោះ DO YONGZHI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន, ៤៖ ឈ្មោះ ZHENG MING ZIE ភេទប្រុស អាយុ៤១ឆ្នាំ (ជនជាតិចិន) គ្មានលិខិតឆ្លងដែន និង៥៖ ឈ្មោះ ភុំ វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ។
តាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ២០និង៣០នាទី ជនរងគ្រោះ បានជិះរថយន្ត ០១ គ្រឿង ម៉ាក TOYOTA PRUS ពណ៌ស ស្លាកកលេខ ភ្នំពេញ 2BK-2195 បានឈប់រថយន្ត និងដើចូលទៅក្នុងហាងកាហ្វេ «TEMPLE» មួយសន្លុះក្រោយមកជនរងគ្រោះបានដើរចេញវិញដើរសំដៅទៅរថយន្ត ស្រាប់តែមានជនសង្ស័យ ចំនួន ០៥ នាក់ ជិះរថយន្ត ០១ គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ 2CI-7687 បានចាប់ជនរងគ្រោះរុញចូលរថយន្តបើកចេញទៅបាត់ស្រមោល។
ក្រោយមានការភ្ញាក់ផ្អើលសន្តិសុខ បានរាយការណ៍ករណីនេះ ទៅសមត្ថកិច្ចខណ្ឌចុះមកអន្តរាគមន៍ បានប្រទះឃើញរថយន្តក្រុមជនសង្ស័យបើកត្រឡប់មកវិញ បំណងមកយករថយន្តជនរងគ្រោះទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យបានម្នាក់ ឈ្មោះ ZHAO YUNLONG និងស្រាវជ្រាវបន្តឈានទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យ ចំនួន ០៤ នាក់ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ១៧និង០០ នៅចំណុច សណ្ឋាគារ« ៨៨៩» តាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបានឆែកឆេរត្រួតពិនិត្យរកឃើញ កាំភ្លើងខ្លី ០១ ដើម ម៉ាក K54 ,បង់០២ ,គ្រាប់ ចំនួន ០៩ គ្រាប់, ដំបងដែក ០១, វិទ្យុទាក់ទង ០៣ គ្រឿង, ស្រោមកាំភ្លើងជ័រ០១,ថ្នាំញៀន ប្រភេទយ៉ាម៉ា ១១២ គ្រាប់, លិខិតឆ្លងដែន ០២ ក្បាល និងទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ ខាងលើ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្តោះអាសន្នសិន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
