2025-09-21 11:11
92

កំពត៖ ពិតជាសាហាវព្រៃផ្សៃបំផុត! មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បានជិះម៉ូតូមកឈប់មុខផ្ទះជនរងគ្រោះដកកាំ​ភ្លើងខ្លីចេញពីចង្កេះបាញ់រះលើមនុស្ស១គ្រួសារ បណ្តាលឱ្យដួលរដូករណែលពេញដី ខណៈពេលកំពុងជួបជុំគ្នាផឹកស៊ី​សប្បា​យ នាឱកាសម្រាកបុណ្យភ្ជុំបិណ្ឌ​ ដែលបណ្តាលឱ្យស្លាប់ ចំនួន ០៣ នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ កំពុងជួយសង្គ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អំពើបាញ់ប្រហារមនុស្សដូចបាញចាបខាងលើ បានកើតមានឡើងនៅ​វេលា​ម៉ោង ​៨យប់ ​ថ្ងៃ​ទី​២០ ខែកញ្ញា​ ឆ្នាំ​២០២៥ នៅ​ភូមិ​ស្រែ​ព្រៃ​ ឃុំ​វត្ត​អង្គ​ខាងត្បូង ​ស្រុក​បន្ទាយមាស​ ខេត្តកំពត។ ក្រោយពេលកើតហេតុ ឃាតករបានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងកំពុងតាមប្រម៉ាញ់ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសរូបថត ជាអត្តសញ្ញាណជនដៃដល់ ដែលបានធ្វើការបាញ់ប្រហារបណ្តាលឱ្យស្លាប់ជនរងគ្រោះបីនាក់ និងរងរបួសធ្ងន់ម្នាក់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ដោយសមត្ថកិច្ចនឹងផ្តល់ជូនថវិការ ចំនួន ៤ លានរៀល សំរាប់ការផ្តល់ពត៏មានឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ និងសូមធានាការរក្សារការសំងាត់ជូន។ សូមផ្តល់ព័ត៌មានមកតាមរយៈលេខទូរសព្ទ 016 767 365

ជនរងគ្រោះ​​ក្នុងអំពើបាញ់ប្រហារដ៏សាហារវព្រៃផ្សៃ រួមមាន៖ ទី១- ​ឈ្មោះ ​ញ៉ែ​ត ​ជ្រឿ​ន​ ភេទស្រី អាយុ​ ៦៥ឆ្នាំ​ ត្រូវជាម្តាយរបស់ឈ្មោះ ហួន ប្រាណ (ស្លាប់)​។ ២- ឈ្មោះ​ ហួ​ន​ ជ្រុ​យ​ ភេទស្រី អាយុ​ ៣២ឆ្នាំ​ ត្រូវជាប្អូនស្រីរបស់ឈ្មោះហួន ប្រាណ​ (ស្លាប់) និង​៣- ​ឈ្មោះ ​ឯម ​វី​ ភេទប្រុស អាយុ ​៥៣ឆ្នាំ​ ត្រូវជាប្តីរបស់ឈ្មោះ ហួន ប្រាណ (ស្លាប់) និងទី៤- ​ឈ្មោះ​ រ៉ា​ សុខ​ហេង​ ភេទប្រុស អាយុ​ ២១ឆ្នាំ​ ត្រូវជាកូនរបស់ឈ្មោះ ហួន ប្រាណ (របួសធ្ងន់)។ ចំណែកជនដៃឃាតករ មានឈ្មោះ អ៊ុំ វុទ្ធី ជាមន្ត្រីយោធាពាក់ស័ក្ត៤ ចំណុះក្រសួងការពារជាតិ កំពុងរត់គេចខ្លួន។

តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ​ ហួ​ន​ ប្រាណ​ ជាគ្រួសារជនរងគ្រោះទាំង៤នាក់ បានរៀបរាប់ថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់ជួបជុំ​បងប្អូន​កូនកូនចៅហូបចុកសប្បាយនៅផ្ទះ ខណៈពេលកំពុង​​អាំង​បបែ​ល​ ស្រាប់តែសត្វ​សុនខវា​ព្រូសខ្លាំង​ បានទាញ​ស្បែកជើង​គប់​​ស្បែកជើងខ្ទាត​ត្រូវ​ស្ត្រី​ម្នាក់ ​ដែល​ធ្លាប់​មានរឿង​រ៉ាវ​ប្ដឹងផ្ដល់​គ្នា​នាពេលកន្លងមក​។​

ស្ត្រីរូបនេះបានបន្ថែមទៀតថា ពេលនោះ​បងប្អូន និងក្រុម​សាច់​ញាតិជន​រង​គ្រោះ​បាន​សុំ​ទោស​ស្ត្រីម្នាក់នោះ ​ដែល​ខ្ទាត​ស្បែកជើង​ត្រូវ ប៉ុន្តែគាត់​​មិន​​សុខចិត្តដោយសារធ្លាប់មានទំនាស់ជាមួយគ្នា បានទូរ​សព្ទហៅ​ប្ដីរបស់គាត់​ដែល​ជា​យោធាបានជិះ​ម៉ូតូ​មក​ឈប់​ចុះលើម៉ូតូ​ដក​កាំភ្លើងខ្លី​បាញ់ពីចង្កេះបាញ់រះបណ្តាល​ដួលរ​ណូ​ក​រណែ​ល​ពេញដី ខណៈពេលនោះ ​ស្ត្រី​រងគ្រោះម្នាក់ បានសុំ​លើកដៃសំពះ​អង្វ​រទុកជីវិត ហើយត្រូវជនដៃដល់​​​វាយ​បន្ថែម​ទៅ​លើ​ជន​រង​គ្រោះ​រហូតដាច់ខ្យល់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតធ្វើការស្រាវជ្រាវរកឃើញសំបក​គ្រាប់​កាំភ្លើងខ្លី ចំនួន ​១៥ គ្រាប់ ​អត្តសញ្ញាណ​អ្នក​បាញ់កំណត់បាន និងកំពុងចាប់ខ្លួន​ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តកំពត បានអំពាវនាវឱ្យជនដៃដល់ ឈ្មោះ អ៊ុំ វុទ្ធី ប្រគល់ខ្លួនជូនសមត្ថកិច្ចជាជម្រើសដ៏ល្អ ព្រោះមិនអាចគេចខ្លួនបានរហូតអស់មួយជីវិតនោះទេ៕