2025-09-21 10:02
134

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមានចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ របស់គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» ពាក់ព័ន្ធភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានកក់សម្គាល់ឃើញថា ថ្មីៗនេះបានឃើញការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣ នៅតំបន់ភូមិព្រៃចាន់ ដែលនាំឱ្យមានការភាន់ច្រឡំថា ថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (ឯកឧត្តម ឡាយ សៀងលី) បានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការនៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣។ 

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបពីការពិតថា «ឯកសារដែលបានបង្ហាញក្នុងគណនីខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្តីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣ ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬជាឯកសារដែលបញ្ជាក់ពីខ្សែព្រំដែនឡើយ»

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបន្ថែមទៀតថា «ម្ចាស់គណនី Facebook Page ខាងលើនេះ បានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនខាងលើ មកគូសក្លែងបន្លំជាខ្សែព្រំដែននៅលើផែនទី រូបភាពផ្កាយរណប ដើម្បីបំភាន់សា​ធារណជនជាតិ និងអន្តរជាតិឱ្យមានការភាន់ច្រឡំថាខ្សែព្រំដែនដែលខ្លួនបានគូសក្លែងបន្លំនេះ គឺជាខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ»

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា «តំបន់ភូមិព្រៃចាន់ ឃុំបីជាន់ ស្រុកអូរជ្រោះ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៣ គឺជាតំបន់ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្តែងនៅឡើយ ហើយកិច្ចការនេះ ត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និង គ្មានយន្តការ ឬស្ថាប័នណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ»

ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មានមិនពិត ក្លែងក្លាយ ដែលគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះផ្សាយ និងសូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិទាំងអស់កុំជឿ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមលើកទឹកចិត្តឱ្យមាន ការផ្សព្វផ្សាយ និងចែកចាយសេចក្តីប្រកាសបដិសេធព័ត៌មាននេះ ឱ្យបានទូលំទូលាយដើម្បីឱ្យមហាជន បានជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕