2025-09-20 11:08
139

កំពង់ស្ពឺ៖​ ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្ម ចំនួន ០៩ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានចូលរួមសហការពីអធិការស្រុកសំរោងទង ធ្វើការបង្ក្រាប និងរឹបអូសបានមធ្យោបាយរបស់ជនងរងគ្រោះ និងវត្ថតាងពាក់ព័ន្ធបទល្មើសជាច្រើនទៀត។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត និងពន្លាតដែនដីសហការជាមួយអធិការនគរបាលស្រុកអង្គស្នួល និងរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់នៅសល់មេខ្លោងម្នាក់ កំពុងរត់គេចខ្លួន។

ដោយបានដឹកនាំបញ្ជា របស់លោក​ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាព​ល​រដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ​ ឆ្នាំ២០២៥​ កម្លាំងនគរបាលការិយា​ល័​យនគរបាលព្រហ្មទណ្ឌកម្រិតស្រា​ល ក្រោមការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ត្រី​ សម​ សា​ក់​ ស្នងការរង​ ផែនការងារនគរបាលព្រហ្មទណ្ឌ​ បានសហកា​រជាមួយកម្លាំងនគរបាលស្រុកសំរោ​ង​ទ​ង​ ស្រាវ​ជ្រា​វ ​និងល្បាតក្នុងភូមិសា​ស្រ្ដ​ឃុំត្រពាំង​គង ​ស្រុ​កសំរោង​ទ​ង បានឃើញជនសង្ស័យជាក្មេងទំនើងមួយ​ក្រុមមានគ្នា ចំនួន ០៦ នាក់ ជិះម៉ូតូ​ ០៣ គ្រឿ​ង ម៉ាកហុងដា C125 ចំនួន ០២ គ្រឿង និ​ង​ម៉ា​ក​​និច ០១ គ្រឿង មានកាំបិតផ្កាក់ ចំនួន ៣ ដើម និងដា​វ ០១​ ដើម្ប ដេញកាប់ជនរងគ្រោះកំពុងជិះម៉ូតូ ម៉ាកហុងដា C125 ស៊េរី ឆ្នាំ២០២២ ពណ៌ខ្មៅគោលបំណងប្លន់យកម៉ូតូ។

ភ្លាមនោះកម្លាំងល្បាតបានអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័​យ ចំនួន ០២នាក់ រួមមាន​៖ ទី១. ឈ្មោះ​ ធី ស៊ីធុយ ភេទប្រុស​ អាយុ ​១​៧​ឆ្នាំ​ រស់នៅភូមិកណ្តោស ឃុំលំ​ហា​ច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរ​ប​រ សិស្ស​ និងទី២. ឈ្មោះ​ មឿន ភក្ត្រា ហៅ​ ភ័ក្រ្ក ភេទប្រុស​ អាយុ​ ១៨​ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង​ ស្រុកសំ​រោងទង មុខរបរ កម្មកររោងចក្រ ដកហូតវត្ថុកាំបិតផ្គាក់ ១​ ម៉ូតូហុ​ង​ដា C125​ ឆ្នាំ២០២១ ពណ៌ខ្មៅ​ ស្លាក​លេខ​ កំពង់ស្ពឺ 1T​-9088​ ដោះទុកក្រោមកែប​។

ក្រោយឃាត់ខ្លួន និងធ្វើការសាកសួរ ជនសង្ស័យទបានសារភា​ព​ថា មុនពេលធ្វើសកម្មភាពពួកខ្លួនទាំ​ង៦នាក់បានមកពីផឹកស៊ី និង​ប្លន់យកម៉ូតូបានតាមផ្លូវមួយគ្រឿង។ 

ដោយបានការសម្របសម្រួលនីតិវិធី​ពី លោក​ ស៊ិន​ វិរៈ​ ​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ​និងការឯកភាពពី​អយ្យការ​ខេត្តកណ្តា​ល ​​បានសហការជាមួយ​កម្លាំងងអ​ធិការដ្ឋា​នស្រុកនគរបា​លអង្គស្នួល​ ធ្វើការស្រាវជ្រាវឃាត់​ខ្លួ​ន​បក្ខ​ពួក ចំនួន ០៤ នាក់ទៀត​ រួមមាន៖ ទី១. ឈ្មោះ​ អេង ​វុ​ទ្ធី ភេទប្រុស​ អាយុ ១៨ឆ្នាំ​ មានដីកា​ប​ង្គាប់ឲ្យចាប់ខ្លួនករណីប្លន់ម៉ូតូ​, ២. ​ឈ្មោះ​ អ៊ីម សុវណ្ណាថាច់​ ភេទប្រុ​ស​ អាយុ ១៧ឆ្នាំ,​ ៣. ឈ្មោះ​ វ៉ាត់ ពិសិដ្ឋ​ ភេ​ទប្រុស​ អាយុ១៥ឆ្នាំ​, ៤. ឈ្មោះ ភាព មនា ភេទប្រុស អាយុ ១៥ឆ្នាំ។ ដកហូតបាន​ម៉ូតូហុងដា​ C125 ស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅលេខភ្នំពេញ 1GG-0575 និងបន្ដសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌកំបូល និង​នគរបាលក្រុ​ងតាខ្មៅឃាត់ខ្លួនបក្ខ ចំនួន ០៣ នាក់ បន្ថែមទៀ​ត​ រួមមាន៖ ១. ​ឈ្មោះ​ សុខ​ ធី ភេទប្រុស​ អាយុ​ ១៧ឆ្នាំ,​ ២. ឈ្មោះ​ ផល ចំរ៉ុង ភេទប្រុ​ស​ អាយុ ១៧ឆ្នាំ​ និង ទី៣.​ ឈ្មោះ​ ឆេន ពិសិ​ដ្ឋ ភេទប្រុស​ អាយុ ១៦ឆ្នាំ។ 

លោកវរសេនីយ៍ឯក​ ឃុត​ សុផល ​អធិការនគរបាលស្រុកសំរោងទង​ បានបញ្ជាក់ថា ក្នុងប្រតិបត្ដិការបង្ក្រាបមុខសញ្ញាឆ្លងខេ​ត្ដ រាជធានីនេះ​ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ ​សរុបចំនួន ០​៤ គ្រឿង ​ដាវ ​១​ កាំបិតផ្គាក់ ១ និងជនសង្ស័យ ចំនួន ០៩ នាក់​ បញ្ជូនមកការិ​យាល័​យ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដើម្បីបំពេ​ញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅអ​យ្យការ​ចាត់ការតាមច្បាប់៕