2025-08-25 17:24
14

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជំទាស់ចំពោះរឿងលោកអភិបាលខេត្តស្រះកែវ សន្យាចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាការបំពាន MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង បានសម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា អភិបាលខេត្តស្រះកែវ បានលើកឡើងអំពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃដែលមានសិទ្ធិ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចាត់ទុកថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។ 

ករណីដែលការចេញប័ណ្ណនេះ ធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាព នេះរំលោភលើស្មារតី នៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ៕