2025-08-25 13:08
16

ស៊ីដនី៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥នេះ (ម៉ោងក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group ដឹកនាំដោយលោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group។

ជំនួបពិភាក្សានេះមានការចូលរួមពីគណៈប្រតិភូអមដំណើរមានជាអាទិ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាសភាពពីសមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ផងដែរ។

ក្នុងឱកាសនៃជំនួបនេះ លោក Robert Seidler បានថ្លែងអំណរគុណជូនដល់លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានជួបសម្តែងការគួរសម និងធ្វើបច្ចុប្បន្នភាពពីសកម្មភាពអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការពង្រីកការវិនិយោគបន្ថែម ឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្រុមហ៊ុនក៏បានសម្តែងនូវការពេញចិត្តចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាពិសេសជាងនេះ កម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ។ មុននឹងបញ្ចប់ លោក Robert Seidler បានសម្តែងនូវអំណរគុណ និងភាពកក់ក្តៅដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។ ជាមួយនឹងបច្ចុប្បន្នភាព និងអនុសាសន៍ណែនាំដែលទទួលបាន ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត៕