2025-08-24 14:39
13

បាត់ដំបង៖ ពិតជាគួរឱ្យអាណិតណាស់ និងចូលរួមសោកស្តាយផង ចំពោះកីឡាករប្រដាល់គុនខ្មែរ មានឈ្មោះ កួន តុលា រហ័សនាម «គីងកុង» កំពុងមានជីវភាពក្រីកខ្វះមុខខ្វះក្រោយផងនោះ បានជួននូវទុក្ខលំបាកវេទនាបន្ថែមទៀត គឺអគ្គិភ័យឆាប់ឆេះផ្ទះស្នាក់នៅដែលជួលគេអស់ទាំងស្រុងតែម្តង។

ក្រោយឃើញពីទុក្ខលំបាករបស់កីឡាករប្រដាល់គុនខ្មែរ «គីងកុង» សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារកីឡាករប្រដាល់គុនខ្មែររូបនេះ ដែលមានជីវភាពក្រីក្រ និងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះនៅឯស្រុកថ្មគោល ខេត្តបាត់ដំបង។ 

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះអគ្គិភ័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ដើម្បីនាំយកអំណោយ របស់សប្បុរសជនផ្តល់ជូនគ្រួសារកីឡាករប្រដាល់ ឈ្មោះ កួន តុលា ហៅ គីងកុង ជាក្រីឡាករប្រដាស់គុនខ្មែរ ដែលបានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ (ផ្ទះជួលគេ) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង១០នាទី ដោយសារមូលហេតុ ឆ្លងចន្តរអគ្គិសនី ស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

អំណោយរបស់កាកបាទក្រហមកម្ពុជាផ្តល់ជូន រួមមាន៖  អង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ ៥ កេស, ទឹកត្រី ៥ យួរ, ទឹកស៊ីអ៉ីវ ៥ យួរ,មីជាតិ ៥ កេស, ត្រីខ ៥ យួរ, សំពត់តង់ ១ និងឃីត ១ឈុត (មុង ភួយ ក្រមា សារុង) និងថវិកា ចំនួន ១០ លានរៀល ផងដែរ៕