2025-07-31 11:00
18

ហ្សឺណែវ៖ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) លោកជំទាវ ឡោក ខេង បានថ្លែងបទអន្តរាគមន៍ ក្នុងសន្និសីទពិភពលោក នៃប្រធានសភា លើកទី៦ កិច្ចពិភាក្សាវគ្គទី៣ «ការសម្រេចបាន SDGs ក្នុងឆ្នាំ២០៣០៖ តើអ្វីជាកាលានុវត្តភាពថ្មី នៃសហប្រតិបត្តិការអន្តរជាតិ?» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការសម្រេចបាននូវ SDGs នៅឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងប្រទេសជាតិមួយប្រកបដោយវិបុលភាព ស្អិតរមួត សង្គម ការអប់រំ និងវប្បធម៌ដ៏រស់រវើក ដែលត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌ SDGs កម្ពុជា (២០១៦-២០៣០) ដែលគាំទ្រដោយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សមាជិសភារូបនេះ បន្តទៀតថា ការសម្រេចបាននូវចំណុចនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ និងនិរន្តរភាព ដោយបើកផ្លូវថ្មីសម្រាប់កិច្ចសហការ។ SDGs គូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូពហុភាគីដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល។ 

ម្យ៉ាងទៀត យើងត្រូវពង្រឹងភាពជាដៃគូរវាងសាធារណៈ និងឯកជន និងប្រជាជន។ យើងត្រូវការសន្តិភាព និងស្ថិរភាព ដែលយើងមិនអាចសម្រេចបាន SDGs។

ផ្សារភ្ជាប់ជាមួយនេះ គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា សូមថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែលបានគាំទ្រដល់បទឈប់បាញ់ សូមអរគុណដល់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលជាសហអ្នករៀបចំកិច្ចប្រជុំ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។ «ខ្ញុំសូមអរគុណដោយផ្ទាល់ជូនចំពោះ ឯកឧត្តម ដូណាល់ត្រាំ និងសូមអរគុណយោធាកម្ពុជា និងថៃដែលបានអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់នេះ»។

ទន្ទឹមនឹងនេះ ដើម្បីអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព យើងត្រូវក្រុមអធិការកិច្ចអន្តរជាតិមួយ និងអ្នកសង្កេតការណ៍ ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងឈប់បាញ់ខាងលើដោយហ្មត់ចត់ និងយុត្តិធម៌។

លោកជំទាវ ឡោក ខេង សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅក្នុងកិច្ចប្រជុំនេះរក្សាតម្លៃនៃសន្តិភាព និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្ត និងកាតព្វកិច្ចជាសកល រួមទាំងការសម្រេចបាននូវ UNSDGs ផងដែរ៕