
បន្ទាយមានជ័យ៖ សកម្មភាពកងកម្លាំងយោធាចម្រុះថៃ បានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយបានប្រើគ្រឿងចក្រឈូសឆាយដី រួចធ្វើសកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភលើ MOU ឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC និងGBC។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នាវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាចម្រុះថៃ បានប្រើគ្រឿងចក្រឈូសឆាយដីធ្លី រួចធ្វើសកម្មភាពរាវមីន លើដីដែលពួកគេបានព័ទ្ធរបងលួស កាលទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា យ៉ាងកំរោល និងយ៉ាងគឃ្លីនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានថ្កោលទោសយ៉ាងដាច់អហង្កការចំពោះសកម្មភាពដ៏គឃ្លីន និងអមនុស្សធម៌របស់កងកម្លាំងចម្រុះយោធាថៃមកលើព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលជាការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភលើ MOU ឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់ ពោលគឺដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណកម្មការចម្រុះព្រំដែន (JBC)៕
