2025-10-11 23:52
9

បន្ទាយមានជ័យ៖ អ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយម៉ាឡេស៊ី បានចុះទៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យលើសកម្មភាពដែលភាគីថៃ បានចាក់បំពងសំឡេងខ្មោចយ៉ាងខ្លាំងរំខានដល់ពលរដ្ឋ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសំលេងពីភាគីថៃ មកលើប្រជាពលរដ្ឋកម្ពុជា ​រួមមាន ​ទាំង​អ្នក​ឈឺ មនុស្ស​ចាស់ កុមារ និង​ជន​ពិការ នៅពេលយប់ស្ងាត់។ 

លោកស្រីឧត្តមសេនីយ៍បានបញ្ជាក់ថា សំលេងដែលភាគីថៃ ចាក់រំខានដល់ពលរដ្ឋជាជនស៊ីវិលកម្ពុជា រួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម។

សូមជម្រាបថា នេះជាយប់ទី២ហើយ ដែលយោធាថៃ ចាក់បំពងសំឡេងសត្វឆ្កែលូ ឆ្កែព្រូស សំឡេងខ្មោច និងសំឡេងឧទ្ធម្ភេចក្រជាដើម ដើម្បីបំភិតបំភ័យ បន្លាយ និងរំខានដំណេកប្រជាជនស៊ីវិលកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ គោលបំណងធ្វើឱ្យពលរដ្ឋទ្រាំមិនបានជម្លៀសចេញពីតំបន់នេះ។ ប៉ុន្តែពលរដ្ឋនៅតែក្រាញននាលការពារទឹកដីដោយមិនចាកចេញឡើយ។

ឥរិយាបថរបស់ថៃ បានបង្ហាញពិភពលោកឱ្យឃើញភាពមិនថ្លៃថ្នូរ ឃោឃៅ អមនុស្សធម៌ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់អ្នកជំងឺ ចាស់ជរា កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងជនពិការ ព្រោះធ្វើឱ្យរំខាន់ខ្លាំងដល់ពួកគេមិនអាចសម្រាន់បាននោះឡើយ៕