
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញាតិបន្ទាន់ទៅកាន់ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR» ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ មកលើប្រជាពលរដ្ឋជាជនស៊ីវិល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយបានអះអាងថា «កងយោធាថៃ បានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០និង៤៤នាទីរសៀល រហូតដល់ម៉ោង ១២និង០៤នាទី កណ្តាលអាធ្រាតុ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ០៣និង២២នាទី រហូតដល់ម៉ោង ០៣និង៥៣នាទីទាបភ្លឺ ដោយមានគោលបំណងរំខាន និងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។ សំឡេង ទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំង និងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅ ក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សកម្មភាពបែបវិទ្ធង្សនា និងបង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះ មិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិទាំងអស់។
សកម្មភាពខាងលើ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរនូវស្មារតីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាង កម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា និងថៃ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និង បណ្តាលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមមាន៖ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ, កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, អនុសញ្ញាស្តីពីសិទ្ធិកុមារ, អនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព, អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។
គ.ស.ម.ក. សូមគោរពស្នើឱ្យ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR»១. ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ បំពានច្បាប់សិទ្ធិមនុស្សនេះ។ អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជាជា ពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អាធ្រាតុ។ ធានាការការពារ និងការផ្តល់ជំនួយវេជ្ជសាស្ត្រ និងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរងគ្រោះ រួម ទាំងស្ត្រី កុមារ និងមនុស្សចាស់ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ការកើត ឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងសុំឈប់បាញ់រវាងកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាង កម្ពុជា និងថៃ។
ជាមួយគ្នានេះ គ.ស.ម.ក. ស្នើដល់លោក Volker Türk ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែន កម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. នឹងធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់។ បេសកកម្មនេះ នឹងអនុញ្ញតឱ្យ OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់ អំពីស្ថានភាពនៅក្នុងតំបន់នោះ និងចូលរួមក្នុងការការពារសិទ្ធិមនុស្សនិងគោលការណ៍មនុស្សធម៌នៅនឹងកន្លែង។
គ.ស.ម.ក. សូមគូសបញ្ជាក់ថា «សកម្មភាពគំរាមកំហែង ការយាយី ឬការប្រព្រឹត្តបែបឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោក ចំពោះប្រជាជនកម្ពុជា គឺមិនអាចទទួលយកបានឡើយ ទោះស្ថិតក្រោម កាលៈទេសៈណាក៏ដោយ»។
ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់ដោយឥតងាករេចំពោះសិទ្ធិមនុស្ស អធិបតេយ្យភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែ សកម្មភាពដោយបំពាន និងយាយីមកលើប្រជាជន គឺមិនអាចលើកលែងឱ្យបានឡើយ។
គ.ស.ម.ក. នៅតែប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយ នឹងលោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR» ព្រមទាំងសហការី ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់រស់នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ៕