
ភ្នំពេញ៖ នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នារសៀល ថ្ងៃសៅរ៍ ទី១១ ខែតុលានេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរត្រូវជួបប្រជុំ ដើម្បីពិភាក្សារៀបចំបង្កើតក្រុមការងាររួមធ្វើផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានជួបប្រជុំគ្នាលើកទី១ តាមការគ្រោងទុក ដែលធ្វើឡើងនៅខេត្តស្រះកែវ ប្រទេសថៃ ដោយបានឯកភាពគ្នាកំណត់យក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលរៀបចំសេចក្តីព្រាងដោយភាគីកម្ពុជា ប្រព្រឹត្តទៅនៅស្រុកកំរៀង ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានភាគីថៃជូនដំណឹងស្នើសុំលើកពេល។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា ដើម្បីអនុវត្តឱ្យបានពេញលេញស្របតាមស្មារតីនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយភាគីថៃ ទាំងតាមយន្តការបុគ្គលទំនាក់ទំនង និងយន្តការផ្លូវការ រហូតឈានដល់ការកំណត់យកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីរៀបចំកិច្ចប្រជុំលើកទី២នេះ ប៉ុន្តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលការជូនដំណឹងពីនគរបាលភូមិន្ទថៃ ស្តីពីការស្នើសុំលើកពេលកិច្ចប្រជុំនេះម្តងទៀត ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ៕
