
ភ្នំពេញ៖ ក្នុងងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «សង្គ្រាមឈ្លានពានក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ មកលើកម្ពុជា បណ្តាលឱ្យទាហានកម្ពុជា ចំនួន ០៥ រូប បានស្លាប់ រងរបួស ២១ រូប និងប្រជាពលរដ្ឋស្លាប់ ចំនួន ០៨ រូប រងរបួស ៥០ រូប ក្នុងនោះ ពលរដ្ឋស្លូតត្រង់រស់នៅតាមខេត្តជាប់ព្រំដែនជាង ៣ម៉ឺន ៥ពាន់នាក់ ត្រូវបានជម្លៀសចេញពីភូមិឋានទៅកាន់ទីកន្លែងមានសុវត្ថិភាព»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងរំឭកថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក គឺជាថ្ងៃនៃការចាប់ផ្តើមរំលោភឈ្លានពាន និងវាយប្រហារយ៉ាងកំរោលពីសំណាក់ភាគីថៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា ដោយប៉ុនប៉ងទុកជាមុន គ្មានខ្លាចញញើតនឹងច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសមាត្រា ២ ដែលហាមមិនឱ្យប្រទេសណាមួយគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធរំលោភបំពានទៅលើដែនអធិបតេយ្យភាព ឯករាជភាព នយោបាយរបស់រដ្ឋណាមួយឡើយ។
លោកស្រីឧត្តមសេនីយ៍ឯកបានថ្លែងថា៖ «ភាគីថៃបានដាក់ពង្រាយទ័ពជាច្រើន រួមមាន កងទ័ពថ្មើជើង អាវុធធន់ធ្ងន់ យន្តហោះចម្បាំង F16 និងបានប្រើប្រាស់នូវគ្រាប់បែកចង្កោមផងដែរ ដែលច្បាប់អន្តរជាតិបានហាមប្រាមមិនឱ្យប្រើនោះទេ។ ការវាយប្រហារដោយគ្មានការរើសអើង និងមិនគប្បីរបស់ភាគីថៃ មិនកំណត់អំពីគោលដៅក្នុងគោលបំណងបំផ្លិចបំផ្លាញហេដ្ឋាចរនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម មន្ទីរពេទ្យ ស្ថានីប្រេងឥន្ទៈ ទីប្រជុំជន ផ្សារ ភូមិរបស់ប្រជាពលរដ្ឋ និងប្រាសាទជាទីសក្ការៈដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ថៃបានធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់គ្មានកំហុស មានស្ត្រី កុមារ និងចាស់ជរាជាដើម កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងគួរឱ្យព្រួយបារម្ភបំផុត។ ទង្វើរបស់ថៃ គឺបានបង្ហាញច្បាស់ក្រឡែតផ្ទុយទៅនឹងច្បាប់មនុស្សធម៌អន្តរជាតិ និងសន្ធិសញ្ញាក្រុសឺណែវ»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា៖ «សកម្មភាពឈ្លានពានទាំងកំរោលរបស់ថៃមកលើកម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទជាការកក់សម្គាល់ គឺការប្រើប្រាស់យន្តចម្បាំង F16 ដើម្បីទម្លាក់គ្រាប់បែក ការប្រើប្រាស់គ្រាប់បែកចង្កោមលើទីតាំងជនស៊ីវិលរស់នៅ ក្នុងភូមិតេជោសន្តិភាព ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទីវត្តអារាមដែលជាទីសក្ការៈគោរពបូរជារបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់អាយុជីវិត និងពលរដ្ឋរងរបួសយ៉ាងច្រើន»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ការវាយប្រហារពីភាគីថៃមកលើកម្ពុជា បានធ្វើឱ្យទាហានកម្ពុជា ចំនួន ០៥ រូប បានស្លាប់ រងរបួស ២១ រូប និងប្រជាពលរដ្ឋស្លាប់ ចំនួន ០៨ រូប រងរបួស ៥០ រូប ក្នុងខេត្តឧត្តមានជ័យ។ ទង្វើទាំងនេះបានធ្វើឱ្យមានការលំបាកដល់ជនភាសខ្លួនក្នុងខេត្តឧត្តមានជ័យ មានចំនួន ៦ ៥៧៧ គ្រួសារ ស្មើនឹង ២៣ ៣២៨ នាក់ ខេត្តព្រះវិហារ មានចំនួន ៣ ១១២ គ្រួសារ ស្មើនឹង ១០ ៤២០ នាក់ ខេត្តពោធិ៍សាត់ មានចំនួន ៩៤ គ្រួសារ ស្មើនឹង ២០១ នាក់ ខេត្តបន្ទាយមានជ័យ មានចំនួន ៥២៤ គ្រួសារ ស្មើនឹង១ ៨៨០នាក់ សរុបទាំងអស់ប្រជាជនដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះសំបែង និងភូមិឋានធ្លាប់រស់នៅសុខសាន្ត មានចំនួន ៣៥ ៨២៩ នាក់»៕


