
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសម្ដែងការសោកស្ដាយ និងព្រួយបារម្ភជាខ្លាំងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងនាពេលថ្មីៗនេះ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស។
ចិនរក្សាជំហរដ៏ត្រឹមត្រូវ យុត្តិធម៌ និងសច្ចៈភាពធ្វើជាអ្នកសម្របសម្រួលដល់ភាគីទាំងពីរ ដើម្បីកាត់បន្ថយភាពតានតឹងការប្រឈមមុខដាក់គ្នាដោយអាវុធ និងជំរុញឲ្យមានកិច្ចសន្ទនា និងដំណោះស្រាយបញ្ហាដោយសន្តិភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
នេះបើតាមការបង្ហោះសារ របស់ Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា នៅលើបណ្តាញសង្គមផ្លូវការរបស់លោក នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ថា៖ «ដើមចមនៃបញ្ហាមួយនេះ គឺជាបញ្ហាដែលបន្សល់ទុកពីប្រទេសអាណានិគមលោកខាងលិចនាពេលនោះ។ បច្ចុប្បន្ននេះ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយឱ្យបានត្រឹមត្រូវ»។
នាជំនួបជាមួយអគ្គលេខាធិការអាស៊ាននោះដែរ លោក Wang Yi បានលើកឡើងទៀតថា៖ «ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នាកម្ពុជា និងថៃ ភាគីចិនរីករាយក្នុងការរក្សាគោលជំហរត្រឹមត្រូវយុត្តិធម៌ និងសច្ចៈធម៌ បន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការជំរុញឱ្យស្ថានភាពមានភាពធូរស្រាលឡើងវិញ»។
ភាគីចិនសូមវាយតម្លៃ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងសកម្មរបស់ប្រធានប្ដូរវេនអាស៊ាន ដើម្បីជំរុញកិច្ចសន្ទនា និងដំណោះស្រាយនយោបាយស្របតាមយន្តការរបស់ «អាស៊ាន»៕


