2025-07-25 10:39
55

នៅថ្ងៃទី២៤ កក្កដា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឱ្យបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនកម្ពុជា រួមមាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ 

សម្ដេច ហ៊ុន ម៉ាណែត បានស្នើទៅប្រធានប្ដូរវេនក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលោក អាស៊ីម អ៊ីហ្វធីហ្កា អាហ្វមាដ (Asim Iftikhar Ahmad) ឱ្យបើកកិច្ចប្រជុំបន្ទាន់មួយក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្ដិសុខ ដើម្បីដាក់សម្ពាធលើប្រទេសថៃបញ្ឈប់សកម្មភាពឈ្លានពានលើទឹកដីកម្ពុជា។

ឆ្លើយតបនិងលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៥ កក្កដា ២០២៥នេះ យោងតាមការចេញផ្សាយយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃទីនេះ ថា៖   ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រនេះ។ 

ការបើកកិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី២៤ ខែកក្កដា បានលើកឡើងថា ចាប់ពីម៉ោងជាង៦ រហូតដល់ម៉ោងជាង៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា កងទ័ពថៃបានចាប់ផ្ដើម ចូលទន្ទ្រានលើទឹកដីកម្ពុជា ដោយដំបូង បានលួចចូលរាយបន្លាលួសបិទប្រាសាទតាមាន់ធំ បញ្ជូនដ្រូនចូលស៊ើបការណ៍ទីតាំងយោធាកម្ពុជា បានបំផ្ទុះសំឡេងអាវុធក្នុងទឹកដីខ្លួនដើម្បីបញ្ឆោតឱ្យកងទ័ពកម្ពុជាផ្ទុះអាវុធ និងចុងក្រោយបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ។

អ្នកស្រីបានបន្តថា កងទ័ពកម្ពុជាបាញ់ឆ្លើយតបការពារខ្លួន ហើយការប្រយុទ្ធគ្នា ក៏បានរីករាលតាមព្រំដែនតំបន់ផ្សេងទៀត ដូចជានៅតំបន់ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច អានសេះ-អូរផ្កាស្នេហ៍ និងតំបន់មុំបី។ អ្នកស្រីបន្តថា កងទ័ពថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ជាច្រើនប្រភេទ ក្នុងនោះ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-១៦ ទម្លាក់គ្រាប់បែកនៅតំបន់ចម្ការចេកក្នុងខេត្តព្រះវិហារ។

អ្នកស្រី ម៉ាលី សុជាតា៖ «ភាគីថៃ មានចេតនាវាយប្រហារ មិនត្រឹមទីតាំងយោធាកម្ពុជានោះទេ គឺបើកការវាយប្រហារដល់ទីតាំងប្រជាជនស្លូតត្រង់រស់នៅ ដែលយើងសង្កេតឃើញថា គឺប្រជាជនកំពុងតែជម្លៀស និងប្រឈមនឹងភាពភ័យខ្លាច និងការតក់ស្លត់ចំពោះការវាយប្រហាររបស់ភាគីថៃមកលើតំបន់ប្រជាជនស្លូតត្រង់»។

សារព័ត៌មានថៃ Khaosod បានរាយការណ៍ដែរថា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យបើកការវាយប្រហារលើកងទ័ពកម្ពុជាទាំងផ្លូវគោក និងផ្លូវអាកាសនៅរសៀលថ្ងៃទី២៤ ខែកក្កដា ក្នុងនោះរួមទាំងការបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកនៅតំបន់ប្រាសាទព្រះវិហារ ។ 

ចំណែកកងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើងបាញ់គ្រាប់កាំជ្រួច BM-21 ដែលមានគោលដៅសម្រាប់កម្ទេចទីតាំងមូលដ្ឋានយោធារបស់ថៃប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានលើកឡើងទៀតថា កងទ័ពកម្ពុជាបានវាយកាន់កាប់ទាំងស្រុងតំបន់ប្រាសាទតាក្របី និងដណ្ដើមទឹកដីបានមកវិញនៅតំបន់មុំបី ហើយតំបន់ផ្សេងទៀត កងទ័ពកម្ពុជានៅតែបន្តឈរជើងប្រយុទ្ធយ៉ាងរឹងមាំដដែលដោយមិនបានដកថយឡើយ។  

ប្រទេសមួយចំនួន ដូចជាបារាំង (France) ហ្វីលីពីន (Philippines ) ចិន (China ) ជប៉ុន (Japan ) និងម៉ាឡេស៊ី (Malaysia) ដែលជាប្រធានប្ដូរវេនអាស៊ាន ជាដើម បានចេញមុខស្នើឱ្យភាគីទាំងពីរអត់ធ្មត់ឡើងវិញ និងងាកមករកដំណោះស្រាយជម្លោះដោយសន្តិវិធី៕