2024-01-25 04:01
468

ភ្នំពេញ ៖ ជនត្រូវចោទកញ្ញា កែវ ពិសី ហៅ រតនៈ ពិសី ជាតារាចម្រៀង និងសម្តែង និងជាម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស (ម២) ដោយដាក់ស្ថិតក្រោមការពិនិត្យ ពីបទៈ «រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ។ 

តាមប្រភពផ្លូវការបានឲ្យដឹងថា នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនតារាចម្រៀង នាង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃស (ម២) ជាបណ្តោះអាសន្ន ។ 

តាមប្រភពបានប្រាប់ថា ជនត្រូវចោទមានឈ្មោះ កែវ ពិសី ហៅ រតនៈ ពិសី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ ជាតារាសម្តែង និងជាម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានផ្ទះលេខ ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ តាមបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ ៣១ឆ្នាំ ដែលបានប្តឹងចោទប្រកាន់តារាសម្តែង នាង ពិសី ពីបទៈ «រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន  (សែកស្អុយ) ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣» ។

ក្រោយចាប់ខ្លួន តារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយតំណាងអយ្យការចោទប្រកាន់ ពីបទៈ «រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ។ 

តារាចម្រៀង កញ្ញា កែវ ពិសី ហៅ រតនៈ ពិសី បានបំភ្លឺថា «រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារកំពុងរត់គេចខ្លួន ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង» ៕