យោងតាមការចេញផ្សាយដោយសារព័ត៌មាន Vn Express បានឲ្យដឹងថា តារាបង្ហាញម៉ូតនិងជាតារាសម្ដែងវៀតណាម នាង ង៉ុក ឈិញ (Ngoc Trinh) ត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី១៩តុលា ពីបទជិះម៉ូតូធំបង្កអសណ្តាប់ធ្នាប់សង្គម ហើយបង្ហោះសកម្មភាពនេះនៅលើអនឡាញឱ្យមនុស្សរាប់លាននាក់មើល។
ប៉ូលិសក្រុងធូឌឹក (Thu Duc) បានប្រកាសថា នាង ចាន់ ធី ង៉ុក ឈិញ (Tran Thi Ngoc Trinh) អាយុ ៣៤ ឆ្នាំនឹងត្រូវឃុំខ្លួនរយៈពេល ៣ ខែសម្រាប់ការស៊ើបអង្កេតលើបទចោទប្រកាន់ “រំខានដល់សណ្តាប់ធ្នាប់សាធារណៈ។”
គ្រូបង្វឹករបស់នាងឈ្មោះ ចាន់ វ៉ាន់ សុង (Tran Van Dong) អាយុ ៣៦ ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរពីបទ “បង្កើតត្រាឬឯកសារក្លែងក្លាយរបស់អង្គការមួយ ហើយប្រើប្រាស់វា។”
អាជ្ញាធរក៏បានឆ្មក់ឆែកឆេរផ្ទះរបស់នាងឈិញផងដែរ ហើយដកហូតឯកសារមួយចំនួន។
ការស៊ើបអង្កេតបានបង្ហាញថា នាងឈិញ ទោះបីជាមិនមានប័ណ្ណបើកបរម៉ូតូធំក៏ដោយ ក៏នៅតែសហការជាមួយលោកសុងជិះម៉ូតូធំម៉ាក BMW ដែលមានទំហំស៊ីឡាំង ៩៩៩ cm3 កាលពីថ្ងៃទី ៦ ខែតុលា នៅលើផ្លូវ D15 នៃតំបន់ Hi-Tech ក្នុងសង្កាត់តាងញ៉ុនភូប៊ីវ៉ាដ (Tang Nhon Phu B Ward) នៃទីក្រុងធូឌឹក។
ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប៉ូលិសជាច្រើននាក់បានផ្ទៀងផ្ទាត់ព័ត៌មានអំពីនាងឈិញគ្រប់គ្រងម៉ូតូធំជាច្រើនគ្រឿង និងប្រព្រឹត្តិអំពើខុសច្បាប់នៅលើដងផ្លូវក្នុងទីក្រុងធូឌឹក (Thu Duc)។
ប៉ូលិសបាននិយាយថា នាងបានប្រព្រឹត្តអំពើដ៏គ្រោះថ្នាក់ ដូចជាដេក និងលុតជង្គង់លើម៉ូតូ ខណៈនាងមិនពាក់ឈុតការពារអ្វីឡើយ។
កាលពីដើមខែមុន លោកសុងក៏បានជួយនាងឈិញបើកម៉ូតូ Kawasaki Ninja នៅផ្លូវ Tran Bach Dang ក្នុងតំបន់ទីក្រុងធូធៀម (Thu Thiem) ផងដែរ ដោយបានធ្វើសកម្មភាពគ្រោះថ្នាក់ស្រដៀងគ្នា ដូចជាអង្គុយលើចំហៀងម៉ូតូឬព្រលែងដៃទាំងពីរពីចង្កូត។ នាងឈិញបានថតរាល់សកម្មភាពទាំងនេះ ហើយបង្ហោះវានៅលើបណ្តាញសង្គម៕