2026-01-01 20:45
11

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពក្រោយបទឈប់បាញ់ ដោយគិតចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១ រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមបណ្តាតំបន់ពាក់ព័ន្ធក្រោយបទឈប់បាញ់ មានភាពស្ងប់ស្ងាត់ និងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមានសមត្ថកិច្ច។ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានបានបន្តអនុវត្តភារកិច្ចតាមដានយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យបានប្រសើរ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

ក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ និងដោះស្រាយភ្លាមៗនូវហេតុការណ៍ណាមួយដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងាត់ មិនជឿជាក់លើព័ត៌មានមិនពិត ឬព័ត៌មានបង្កការភ័យខ្លាច និងសូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជាតិ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ និងគោរពដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងកិច្ចព្រមព្រៀងដែលបានធ្វើឡើង ដើម្បីធានាសន្តិភាពយូរអង្វែង និងស្ថិរភាពសង្គមសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕