កំពង់ស្ពឺ៖ យប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០០និង១០នាទី លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៥៨-៥៩ ក្នុងភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនាបង្កដោយក្រុមក្មេងទំនើង ប្រើកាំបិត បង្ករបួសដល់ជនរងគ្រោះ ចំនួន ០២ នាក់ ខណៈពេលកំពុងជិះម៉ូតូ។
ជនរងគ្រោះទាំង២នាក់ មានឈ្មោះ សូវ វិរៈ ភេទប្រុស អាយុ ២៣ឆ្នាំ មិនមានរបួស និងឈ្មោះ សុន ចាន់ណាក់ ភេទប្រុស អាយុ ២៦ឆ្នាំ, របួសដៃខាងឆ្វេង ដេរ ១០ ថ្នេរ មានទីលំនៅ ភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ជិះម៉ូតូ ០១ គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AE-6876 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។
ដោយបានការបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកម្លាំងចុះប្រតិបត្ដិការធ្វើការស្រាវជ្រាវ និងឈានទៅការឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៤ នាក់ នៅចំណុច ផ្លូវកៅស៊ូ ភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ដើម្បីសាកសួរតាមនិតិវិធី។
ជនសង្ស័យ និងអ្នកពាក់ព័ន្ធ ចំនួន ០៤ នាក់ រួមមាន៖ ទី១- ឈ្មោះ សូ សុវណ្ណារាជ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច (ជាម្ចាស់ម៉ូតូ និងម្ចាស់កាំបិតកែច្នៃ)។ ២- ឈ្មោះ ខុម ដានុន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច។ ៣- ឈ្មោះ ញ៉ម បូរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច និង ទី៤- ឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទួលសុភី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមចម្លើយរបស់ក្រុមក្មេងទំនើង បានឱ្យដឹងថា ឈ្មោះ សូ សុវណ្ណារាជ ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបឈ្មោះ ប៊ុន ថេតសុវណ្ណរ័ត្ន (អ្នកកាន់កាំបិត) បើកពីកើតទៅលិចតាមផ្លូវជាតិលេខ ៤ បានកាប់លើជនរងគ្រោះរួចជិះគេចទៅភូមិទួល ឃុំមហាសាំង។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូត ម៉ូតូ ០១ គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ និងកាំបិតកែច្នៃ ០១ ដើម។
បច្ចុប្បន្ន ក្មេងទំនើងទាំង៤នាក់ ជំនាញនៃអធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជូនទៅស្នងការដ្ឋានចាត់ការតាមនីតិវិធី៕



