2026-01-01 22:06
12

ភ្នំពេញ៖ បុរស ០២ នាក់ ដែលមានទំនាក់ទំនងជាបងថ្លៃ និងប្អូនថ្លៃនឹងគ្នា បានស្រវឹងស្រា និងទាស់សម្តីគ្នា ខណៈពេលផឹកស៊ី រហូតឈានទៅវាយគ្នាទៅវិញទៅមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នៅតំបន់ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ២២ និង៣០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅលើផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះអន្តរាគមន៍ និងកោះហៅភាគីទាំង២ មកសួរនាំនៅប៉ុស្តិ៍។

ជនពាក់ព័ន្ធទាំង២ រួមមាន ឈ្មោះ ជួប ចូច ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ រត់កង់បី និងឈ្មោះ មុំ ឈន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ សុទ្ធសឹងស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១។ ក្នុងហេតុការណ៍ហិង្សារខាងលើនេះ មិនបណ្តាលឲ្យមានរបួសស្នាមធ្ងន់ធ្ងរនោះទេ។

បន្ទាប់ពីការសាកសួរ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងឲ្យភាគីទាំង២ ធ្វើកិច្ចសន្យា ដោយមានការធានាពីក្រុមគ្រួសារ។ ពួកគេបានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ព្រមទាំងសន្យាថា នឹងមិនឲ្យកើតមានជម្លោះបែបនេះ ដែលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាលើកទី២ទៀតឡើយ។

សមត្ថកិច្ច ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជៀសវាងការផឹកស្រាហួសកម្រិត និងដោះស្រាយបញ្ហាទំនាស់ដោយសន្តិវិធី ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពក្នុងសហគមន៍៕