2026-01-02 00:07
8

មណ្ឌលគិរី៖ «សត្វត្រដក់» តូចមួយក្បាល បានទទួលការសង្គ្រោះ និងត្រូវបានដោះលែងត្រឡប់ទៅធម្មជាតិវិញ នៅក្នុងតំបន់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ បន្ទាប់ពីទទួលបានការថែទាំ និងតាមដានសុខភាពយ៉ាងប្រុងប្រយ័ត្នពីមន្ត្រីឧទ្យានុរក្ស។

ត្រដក់នេះ មានអាយុចន្លោះ ៣ ដល់ ១២ ខែ ត្រូវបានប្រជាពលរដ្ឋ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីឧទ្យានុរក្ស និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ដើម្បីសង្គ្រោះ និងថែទាំ។

សត្វត្រដក់តូចនេះ ត្រូវបានចាត់ថ្នាក់ជា «សត្វងាយរងគ្រោះ» ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយកំពុងរងការគំរាមកំហែង ពីសកម្មភាពមនុស្សដូចជា ការរានដីព្រៃធ្វើកសិកម្ម, ការបរបាញ់ខុសច្បាប់, ការបំពុល និងការដាក់អន្ទាក់ ជាដើម។

ការសង្គ្រោះ និងដោះលែងសត្វត្រដក់នេះ ជាការបង្ហាញពីការយកចិត្តទុកដាក់លើ ការអភិរក្សជីវៈវត្ថុធម្មជាតិ និងការពារព្រៃឈើក្នុងប្រទេសកម្ពុជា៕