2026-01-01 14:27
7

តាកែវ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអធិការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានរោងចក្រផលិតបារីបង្ហូរសំណល់រាវមានក្លិនស្អុយចូលប្រឡាយទឹកសាធារណៈ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីមន្ទីរបរិស្ថានខេត្តតាកែវ រដ្ឋបាលស្រុកបាទី អាជ្ញាធរឃុំ អាជ្ញាធរភូមិ និងអ្នកសារព័ត៌មានដែលបានពាក់ព័ន្ធនឹងការផ្សាយព័ត៌មានកន្លងមក ដើម្បីបញ្ជាក់ការពិតជាក់ស្តែងអំពីបញ្ហាក្លិនស្អុយ ដែលត្រូវបានរាយការណ៍ថា បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា នៅចំណុចប្រឡាយទឹកដែលត្រូវបានថតរូប និងចុះផ្សាយថាមានក្លិនស្អុយខ្លាំងនោះ មិនមានស្ថានភាពដូចការផ្សាយឡើយ។ រដ្ឋបាលស្រុកបាទី និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្លិនស្អុយ ដែលកើតមានកន្លងមក បណ្តាលមកពីហេតុការណ៍ឆេះឃ្លាំងស្តុកថ្នាំជក់របស់ជនជាតិចិន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលស្ថិតនៅក្បែរតំបន់ប្រឡាយទឹក។

ប្រភពដដែលបានឲ្យដឹងថា ក្នុងអំឡុងពេលពន្លត់ភ្លើងឆេះឃ្លាំងថ្នាំជក់ អាជ្ញាធរបានប្រើប្រាស់ទឹកបាញ់ពន្លត់ភ្លើងចំនួនច្រើន បណ្តាលឲ្យទឹកលូតចេញចូលប្រឡាយសាធារណៈ ហើយបង្កក្លិនស្អុយឆួល ដែលមានក្លិនថ្នាំជក់ និងក្លិនស្នោរដំបូលឃ្លាំងដែលត្រូវភ្លើងឆេះ។

តាមរបាយការណ៍បង្ហាញថា ឃ្លាំងស្តុកថ្នាំជក់ដែលបានឆេះ មានចំនួនពីរឃ្លាំង សាងសង់ដោយដែក ដំបូលប្រក់ស័ង្កសីមានស្នោរពាក់ខាងក្រោម មានផ្ទៃដីសរុបប្រមាណ ១៥,០០០ ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំរោងចក្រជាច្រើនលើផ្ទៃដីប្រហែល ៧០ ហិកតា។ បច្ចុប្បន្ន នៅមានភ្លើងឆេះកម្ទេចថ្នាំជក់ខ្លះៗ ហើយកម្មករកំពុងបន្តការឈូសឆាយសំណល់ផេះ និងបូមទឹកស្រះមកបាញ់ស្រោចពន្លត់ភ្លើងជាបន្តបន្ទាប់។

ក្រុមការងារបានសន្និដ្ឋានថា បញ្ហាទឹកប្រឡាយមានក្លិនស្អុយដែលកើតឡើងកន្លងមក គឺបណ្តាលមកពីទឹកដែលប្រើសម្រាប់ពន្លត់ភ្លើងឆេះឃ្លាំងស្តុកថ្នាំជក់ មិនមែនបណ្តាលមកពីការបង្ហូរសំណល់រាវចេញពីផលិតកម្មរោងចក្របារីដូចការចុះផ្សាយនោះឡើយ៕