2026-01-01 15:34
8

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃសកម្មភាពវាយប្រហាររបស់យោធាថៃ មកលើប្រទេសកម្ពុជា ដែលបានកើតមានជាពីរដំណាក់កាល គឺដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទ វាយប្រហារមកលើតំបន់ស៊ីវិលជាច្រើនកន្លែងនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ។

ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន ផ្លូវ ស្ពាន មណ្ឌលសុខភាព សាលារៀន វត្តអារាម និងប្រាសាទបូរាណជាច្រើនកន្លែង។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ទៅរស់នៅក្នុងទីតាំងសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីគេចផុតពីគ្រោះថ្នាក់នៃសង្គ្រាម។

ទោះបីជាសកម្មភាពវាយប្រហារបានបញ្ចប់ទៅហើយក្តី ប៉ុន្តែគ្រោះថ្នាក់នៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ ដោយសារយុទ្ធភណ្ឌ និងសព្វាវុធមួយចំនួនដែលបានប្រើប្រាស់ក្នុងសង្គ្រាមនៅមិនទាន់ផ្ទុះនៅឡើយ។ ក្នុងនោះរួមមាន គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះប្រភេទផ្សេងៗទៀត ដែលអាចផ្ទុះបានគ្រប់ពេលវេលា និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងអ្នកធ្វើសកម្មភាពកសិកម្មនៅតាមមូលដ្ឋាន។

ជាក់ស្តែង អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យមានការអនុវត្តវិធានការបន្ទាន់ ក្នុងការអប់រំផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់។ វិធានការទាំងនេះ រួមមាន ការផ្សព្វផ្សាយតាមសាលារៀន វត្តអារាម សហគមន៍ ការបណ្តុះបណ្តាលអំពីវិធីសាស្ត្រប្រុងប្រយ័ត្ន និងការណែនាំមិនឱ្យប៉ះពាល់ ឬប្រមូលយុទ្ធភណ្ឌសង្ស័យ ដោយខ្លួនឯង។

អាជ្ញាធរបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើបានប្រទះឃើញវត្ថុសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬក្រុមជំនាញដោះមីន និងកំចាត់យុទ្ធភណ្ឌ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន និងសហគមន៍។

ការអប់រំ និងការយល់ដឹងពីគ្រោះថ្នាក់យុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាចំណុចសំខាន់មួយ ក្នុងការការពារជីវិតប្រជាពលរដ្ឋ ការស្ដារឡើងវិញនូវជីវភាពរស់នៅ និងការធានាសុវត្ថិភាពយូរអង្វែង នៅតាមតំបន់ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម៕