2026-01-01 16:04
6

ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៥ អាណត្តិទី៤ បានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីពិនិត្យ និង ពិភាក្សា រួមមាន៖ ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៤ អាណត្តិទី៤, ឆ្លង និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២៥, របាយការណ៍ក្នុងខែ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង បញ្ហាផ្សេងៗ។

ឆ្លៀតនៅក្នុងឱកាសនៃកិច្ចប្រជុំ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន (ក.ជ.ប.ព.) ក្នុងនាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សូមចូលរួមជាមួយព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស សូមសម្តែងនូវការស្វាគមន៍ចំពោះយុទ្ធជនទាំង ១៨ រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ តាមច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីការអនុវត្តបទឈប់បាញ់។ 

សម្តេចក៏សូមវាយតម្លៃខ្ពស់ និងការស្ញប់ស្ញែង ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំមកនូវជោគជ័យ ដែលឈានទៅដល់ការដោះលែងយុទ្ធជនរបស់យើង និងជាពិសេសជាសញ្ញានៃការរក្សាបាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីនាំមកវិញនូវសុខសន្តិភាពជូនដល់ប្រទេសជាតិ និងប្រជាជនយើង។

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព បានលើកឡើងថា៖ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំនេះ គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ (២២ ៣៥៣ រូប) តែងតាំងថ្មី (១ ១៤៤ រូប) លាលែងចប់អាណត្តិ (៤០៨ រូប) បញ្ឈប់ពីតំណែង (១២ រូប) ចូលនិវត្តន៍ (៥៥៥ រូប)  សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៥ មានចំនួន (២៤.៤៧៨ រូប)។ 

ដោយឡែកក្នុងខែធ្នូនេះ មន្ដ្រីចំនួន ១២៧ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៦១ រូប, មន្ដ្រី ០២ រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៤៦ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានបញ្ជាក់ថា៖ “ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ឆ្នាំគត់គូរ ២០២៦ ដែលនឹងចាប់ដំណើរការ ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២៦ និងសំណើសុំគោលការណ៍សម្រួលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដល់កងកម្លាំងប្រដាប់អាវុធចាប់ពីថ្នាក់ វរសេនីយ៍ឯកឡើងទៅ ដែលជាប់ដៃនៅសមរភូមិខាងមុខ”៕