2026-01-01 15:47
9

ភ្នំពេញ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ ដើម្បីស្វាគមន៍ការដោះលែងទាហានកម្ពុជាទាំង ១៨ រូប ដែលបានចូលជាប់ឃុំនៅប្រទេសថៃចាប់ពីខែកក្កដា ឆ្នាំ២០២៥។ 

ការវិលត្រលប់របស់ទាហានទាំងនេះមកកម្ពុជាឆ្លុះបញ្ចាំងដំណាក់កាលសំខាន់មួយក្នុងការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)

ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។

ប្រទេសបារាំងអំពាវនាវឱ្យកម្ពុជា និងថៃ បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីដំណោះស្រាយជម្លោះប្រកបដោយសន្តិវិធី ដែលគោរពច្បាប់អន្តរជាតិ និងដែលធានាការការពារប្រជាជនស៊ីវិលនៃព្រំដែនទាំងសងខាង។

រួមជាមួយប្រទេសទាំងពីរ និងប្រធានអាស៊ាន ប្រទេសបារាំងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពមួយប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់៕