2025-12-29 11:46
3

ឧត្តមានជ័យ៖ សត្វខ្ទីង ឈ្មោល ចំនួន ០១ ក្បាល ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ មន្ត្រីជំនាញបរិស្ថាន និងអង្គការជាដៃគូបានចុះទៅពិនិត្យ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់សត្វខ្ទីង។

មន្ដ្រីឧទ្យានុរក្សប្រចាំស្នាក់ការអូរអំបិល ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ សហការជាមួយមន្រ្តី នៃអង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា (Cambodia Wildlife Habitat Conservation Organisation) និងប្រជាសហគមន៍ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចុះទៅពិនិត្យជាក់ស្ដែង ខ្ទីងដែលស្លាប់ ជាខ្ទីងឈ្មោល មានវ័យចំណាស់ខ្លាំង និងនៅលើកជើងក្រោយខាងស្តាំ មានស្នាមជាប់ខ្សែ (ចាស់) ស្ថិតនៅភូមិអូរផ្អាវ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ 

ដោយឡែក នៅលើដងខ្លួនមិនមានស្នាម ឬរោគសញ្ញាអ្វីសង្ស័យ ពីមូលហេតុនៃការស្លាប់សត្វព្រៃ។ ប៉ុន្តែ មន្រ្តីឧទ្យានុរក្ស និងសមត្ថកិច្ចមូលដ្ឋាន បានរៀបចំរក្សាទុកដាក់សំណាកឱ្យបានត្រឹមត្រូវព្រមទាំងបន្តធ្វើការស្រាវជ្រាវ និងចាត់វិធានការបន្ថែមទៀត។ 

សូមបញ្ជាក់ថា សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ កន្លងមកកត្តាគំរាមកំហែងដល់វត្តមានរបស់ខ្ទីង រួមមាន ការបាត់បង់ទីជម្រក ការប្រមាញ់យកស្នែង សាច់ និងផ្នែកផ្សេងៗទៀត ព្រមទាំងជំងឺឆ្លងពីសត្វស្រុកផងដែរ។ 

សត្វខ្ទីង គឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហារដែល មានមាឌធំជាងគេនៅក្នុង ចំណោមពពួកគោសាទិស នៅលើពិភពលោក។ បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការ អំពីចំនួនសត្វខ្ទីងនៅ ក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែ គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើន នៅតំបន់ខ្ពង់រាបភាគខាងកើត និងមួយចំនួននៅភាគខាងជើង ក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង នៃតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា៕