2025-11-20 16:44
12

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់ថា ការឱ្យច្រានចោលញត្តិសុំលើកលែងទោសពីព្រះមហាក្សត្រ ដែលដាក់ស្នើដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ មិនមែនជាការសងសឹកផ្នែកនយោបាយឡើយ។

ការច្រានចោលនេះ ពាក់ព័ន្ធនឹងការអនុវត្តទោសក្នុងសំណុំរឿងពុករលួយ ដែលតុលាការកំពូលបានចេញសាលក្រមតម្រូវឱ្យ លោក ថាក់ស៊ីន អនុវត្តទោសពេញមួយឆ្នាំនៅក្នុងពន្ធនាគារ បន្ទាប់ពីសាលក្រមកាលពីខែកញ្ញា បានសម្រេចថា “ការផ្ទេរលោកចេញពីពន្ធនាគារទៅស្នាក់នៅក្នុងមន្ទីរពេទ្យជារឿងខុសច្បាប់”។ នេះបើយោងតាមចុះផ្សាយរបស់ Thai PBS។

លោក អនុទីន បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនជាការអនុវត្តតាមច្បាប់ និងតាមអនុសាសន៍របស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong ដែលបានចាប់ផ្តើមដោះស្រាយបញ្ហានេះតាំងពីមុន។ បន្ថែមពីនេះ ប្រភពមួយទៀត នៅក្នុងរដ្ឋាភិបាល ក៏បញ្ជាក់ថា ការណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលផ្អែកលើសាលក្រមតុលាការកំពូល ក៏បានជះឥទ្ធិពលដែរ។

ក្នុងអំឡុងពេលនេះ លោក ថាក់ស៊ីន បានស្នើសុំលើកលែងទោសតាមញត្តិដាក់ស្នើទៅក្រសួងយុត្តិធម៌ នៅពេលដែលលោក Tawee នៅតែជារដ្ឋមន្ត្រី។ លោក Tawee ត្រូវបានគេគេស្គាល់ថាជាមិត្តស្និទ្ធនយោបាយម្នាក់របស់លោក ថាក់ស៊ីន។

ថ្វីបើមានការចោទប្រកាន់ពីភាគីខ្លះថា នេះអាចជាការសងសឹកផ្នែកយោបាយ ប៉ុន្តែលោក អនុទីន បានបដិសេធថា «ខ្ញុំធ្វើតាមច្បាប់ មិនមែនដូចពួកគេឡើយ»៕