2025-11-20 14:55
17

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការបណ្តេញជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ចេញពីជំរុំជនភៀសខ្លួន West Bank ចំនួនបីនៅដើមឆ្នាំ២០២៥ ចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយអំពាវនាវឱ្យមានវិធានការអន្តរជាតិជាបន្ទាន់ ដើម្បីឲ្យមន្ត្រីអ៊ីស្រាអែលទទួលខុសត្រូវ និងបញ្ឈប់ការបំពានបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយ Reuter នៅថ្ងៃទី២០ វិច្ឆិកា។

ក្រុមសិទ្ធិមនុស្សបន្តថា អ្នកស្រុកប្រហែល 32,000 នាក់នៃជំរុំ Jenin, Tulkarm និង Nur Shams ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅដោយកងកម្លាំងអ៊ីស្រាអែលក្នុងអំឡុងពេល "ប្រតិបត្តិការជញ្ជាំងដែក" ក្នុងខែមករានិងកុម្ភៈ។ 

យ៉ាងណាវិញ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters កាលពីថ្ងៃពុធថា ពួកគេត្រូវការកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីកុំឱ្យពួកសកម្មប្រយុទ្ធកេងប្រវ័ញ្ចលើពួកគេបាន។ ប៉ុន្តែយោធាទាំងអស់នេះ មិនបានបញ្ជាក់ថាតើអ្នកស្រុកដែលបណ្ដេញចេញនោះ អាចត្រឡប់មកវិញបាននៅពេលណានោះទេ។ 

តាមរយៈសកម្មភាពឃោរឃៅពីសំណាក់យោធាអ៊ីស្រាអែលខាងលើ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលដែលទទួលខុសត្រូវចំពោះសកម្មភាពនេះ គួរតែត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕