2025-11-20 11:40
21

ហ្សាការតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានជម្លៀសមនុស្សជាង ៩០០ នាក់ និងកំពុងសម្របសម្រួលការវិលត្រឡប់មកវិញដោយសុវត្ថិភាព នៃអ្នកឡើងភ្នំចំនួន ១៧០ នាក់ផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលបានជាប់គាំង បន្ទាប់ពីការផ្ទុះភ្នំភ្លើង Semeru ដែលជាភ្នំខ្ពស់បំផុតមួយរបស់ប្រទេស។ នេះបើតាមការរាយការណ៍ពីភ្នាក់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ វិច្ឆិកា។

ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា កម្រិតប្រកាសអាសន្នគឺខ្ពស់បំផុត បន្ទាប់ពីភ្នំភ្លើង Semeru នៅលើកោះ Java បានផ្ទុះឡើងចំនួន ១០ដង កាលពីថ្ងៃពុធ ដោយបញ្ចេញផេះដ៏ច្រើនសន្ធឹកសន្ធាប់ និងបានបញ្ចូនកម្អែល រួមទាំងថ្មរហូតដល់ចម្ងាយ  ១៣គីឡូម៉ែត្រចុះពីជម្រាលរបស់វា។ លោក Septi Wardhani មន្ត្រីនៅឧទ្យានជាតិ Semeru បាននិយាយថា អ្នកឡើងភ្នំបានជាប់គាំងពេញមួយយប់នៅឯកន្លែងបោះជំរុំក្បែរបឹងនៅជើងភ្នំភ្លើងប្រហែល ៦.៤ គីឡូម៉ែត្រពីក្រហូង ប៉ុន្តែឥឡូវនេះត្រូវបានគេជួយឱ្យមានសុវត្ថិភាពហើយ។

សូមជម្រាបថា ភ្នំភ្លើង Semeru មានកម្ពស់ ៣,៦៧៦ ម៉ែត្រ។ វាជាភ្នំភ្លើងសកម្មមួយក្នុងចំនោមភ្នំភ្លើងសកម្មប្រហែល១៣០ ផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលលាតសន្ធឹងលើ "Pacific Ring of Fire" ហើយក៏ជាតំបន់សកម្មរញ្ជួយខ្លាំង ដោយសារតែបន្ទះផ្សេងគ្នានៅលើសំបកផែនដីជួបប្រជុំគ្នា ទើបបង្កើតឲ្យមានការរញ្ជួយដី និងភ្នំភ្លើងមួយចំនួនធំ៕