2025-07-11 15:01
12

ចិនអំពាវនាវឲ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាតាមរយៈការសន្ទនាគ្នា ដោយជំរុញឱ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះព្រំដែន តាមរយៈការចរចាជាមិត្តភាព ខណៈពេលដែលចិនតាំងខ្លួន ជាអ្នកសម្របសម្រួលអព្យាក្រឹត និងយុត្តិធម៌ រវាងការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកថៃ Khaosod នៅថ្ងៃទី១១ កក្កដា ឆ្នាំ២០២៥ នេះ។

ក្នុងជំនួបកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ១១ ខែកក្កដា នេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវឱ្យប្រទេសជិតខាងទាំងពីរ រួមរស់ជាមួយគ្នាដោយសន្តិភាព ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa។

គួរបញ្ជាក់ឲ្យដឹងថា យោងតាមការបញ្ជាក់ពីរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងទៅ កម្ពុជានៅតែស្វាគមន៍នូវរាល់ការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយភាគីថៃ ប៉ុន្តែក៏នៅតែមិនចោលជំហរក្នុងការប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចគ្នា។ 

ពោលគឺការយកតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របីដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ 

ផ្ទុយពីការដោះស្រាយគ្នាដោយសន្តិវិធី ភាគីថៃបានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ក្នុងការច្រានចោល មិនព្រមដោះស្រាយជាមួយភាគីកម្ពុជាពាក់ព័ន្ធនឹងការប្រើច្បាប់តុលាការយុត្តិធម៌អន្តរជាតិ។ 

បន្ថែមពីនោះ បើទោះបីជាកម្ពុជាបានអត់ធ្មត់ ក្នុងការដោះស្រាយជាមួយភាគីថៃដោយសន្តិភាព និងដោយភាពត្រជាក់យ៉ាងណាក៏ដោយ តែក្រឡេកមើលខាងថៃ មិនត្រឹមតែមិនព្រមស្រាយបញ្ហាតាមសម្រួលនោះទេ តែបែរជាព្យាយាមយកសាំងមកចាក់បន្ថែមលើភ្លើងទៅវិញ។ 

តួយ៉ាងដូចជា ការបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី គម្រាមផ្ដាច់អគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ រួមទាំងបង្កើតព្រឹត្តិការណ៍គ្រប់សព្វបែបយ៉ាងទម្លាក់មកលើកម្ពុជាឥតឈប់ឈរ។

សូមរំឭកឲ្យដឹងថា ទាហានថៃ បានលបចូលបាញ់ទាហានខ្មែរម្នាក់នៅក្នុងលេណដ្ឋានកម្ពុជា បណ្ដាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។

បន្ទាប់ពីកើតហេតុខាងលើ កម្ពុជាបានទាមទារឲ្យថៃធ្វើការដោះស្រាយ និងរកជនបង្កមកដាក់ទោស ប៉ុន្តែភាគីថៃហាក់មិនខ្វល់នឹងរឿងដែលបានកើតឡើងនេះឡើយ ផ្ទុយទៅវិញបែរជាអូសបន្លាយបញ្ហារហូតមកដល់បច្ចុប្បន្ននេះជាមួយកម្ពុជា និងរិះរកល្បិចកលគ្រប់បែបយ៉ាងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថែមទៀតផង៕