2025-07-11 13:53
7

ចក្រភពអង់គ្លេស និងអ៊ុយក្រែន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពាររយៈពេលវែង ដោយក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសអ៊ុយក្រែននឹងទទួលបានមីស៊ីលប្រឆាំងយន្តហោះចំនួន ៥,០០០ គ្រាប់ពីចក្រភពអង់គ្លេស ដែលគេស្គាល់ថាជាមីស៊ីល Lightweight Multirole Missiles (LMM) ឬ Martlet ជាផ្នែកនៃកិច្ចព្រមព្រៀងដែលមានតម្លៃ ១.៦ ពាន់លានផោន (២ ពាន់លានដុល្លារ) បានប្រកាសដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែកក្កដា ក្នុងអំឡុងពេលសន្និសីទការស្តារឡើងវិញអ៊ុយក្រែននៅទីក្រុងរ៉ូម។ នេះតាមការចេញផ្សាយពីគេហទំព័រ United24 Media នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស កិច្ចព្រមព្រៀងនេះនឹងគាំទ្រទាំងតម្រូវការការពារជាតិរបស់អ៊ុយក្រែន និងមូលដ្ឋានឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ចក្រភពអង់គ្លេសផងដែរ។

កិច្ចព្រមព្រៀងនេះទាក់ទងនឹង FZ275 LGR ដែលជាមីស៊ីល 70mm ត្រូវបានបង្កើតឡើងដោយ Thales ។

វាមានប្រព័ន្ធណែនាំឡាស៊ែរពាក់កណ្តាលសកម្មក្នុងការវាយប្រហាររហូតដល់ ៣,០០០ ម៉ែត្រ។ មីស៊ីលនេះមានសមត្ថភាពស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក រួមទាំងឧបករណ៍ដែលប្រើក្នុងការវាយប្រហាររបស់រុស្ស៊ី និងអាចប្រើជាមួយប្រព័ន្ធការពារដែនអាកាស Vampire ដែលបច្ចុប្បន្នដាក់ពង្រាយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

បន្ថែមពីនេះ យោងតាមការចេញផ្សាយដោយគេហទំព័រ The Kyiv Independent កាលពីថ្ងៃទី១០ កក្កដា ម្សិលមិញនេះបានឲ្យដឹងដែរថា ក្រៅពីកិច្ចព្រមព្រៀងខាងលើ រដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានបញ្ជាក់ពីការសន្យាផ្តល់ជំនួយទ្វេភាគីដល់ទៅ ៣៦២ លានដុល្លារដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦ ខាងមុខទៀតផង។

ដោយមូលនិធិនេះរួមមាន ១៣.៤ លានដុល្លារសម្រាប់កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈរបស់អ៊ុយក្រែន និងថវិកា ១.២៨ លានដុល្លារដើម្បីគាំទ្រដល់ការិយាល័យផ្លាស់ប្តូរបៃតងរបស់អ៊ុយក្រែនក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២៥-២០២៦ ។

បន្ថែមពីនេះ យោងតាមឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Angela Rayner បាន បញ្ជាក់ថា ចក្រភពអង់គ្លេសនៅតែប្តេជ្ញាពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនប្រឆាំងនឹងការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី ព្រមទាំងរួមចំណែកដល់ការកសាងប្រទេសឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរយៈពេលវែងផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា ចក្រភពអង់គ្លេសធ្លាប់បានសាកល្បងដោយជោគជ័យនូវប្រព័ន្ធអាវុធមីក្រូវ៉េវជំនាន់ក្រោយរបស់ខ្លួនឈ្មោះ RapidDestroyer ដែលត្រូវបានរចនាឡើងដើម្បីចាប់ហ្វូងយន្តហោះគ្មានមនុស្សបើក ដោយបញ្ចេញប្រេកង់វិទ្យុដែលមានថាមពលខ្ពស់។ម្យ៉ាងវិញទៀត ប្រព័ន្ធនេះត្រូវបានគេរាយការណ៍ថា បានទម្លាក់យន្តហោះគ្មានមនុស្សបើកជាង ១០០ គ្រឿងរួចមកហើយក្នុងអំឡុងពេលសាកល្បង និងអាចត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែនថែមទៀតផង៕