2025-07-11 10:00
12

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ៣៥% លើទំនិញទាំងអស់ដែលនាំចូលពីប្រទេសកាណាដា ដែលគ្រោងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។ 

បន្ថែមពីនោះ ត្រាំ ក៏កំពុងសម្លឹងមើលការដាក់ពន្ធចំនួន ១៥% ឬ ២០% លើដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់អាមេរិកទៀតផង។

តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១១ ខែកក្កដា នេះបានឲ្យដឹងថា នៅក្នុងលិខិតមួយដែលបានចេញផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ត្រាំ កាលពីថ្ងៃទី១០ កក្កដា ម្សិលមិញនេះ លោក ត្រាំ បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថា អត្រាពន្ធថ្មីនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ហើយប្រសិនបើកាណាដាហ៊ានសងសឹកពន្ធមកអាមេរិកវិញ លោកនឹងតម្លើងពន្ធបន្ថែមទៀតទៅលើប្រទេសនេះ ។ 

នៅក្នុងលិខិតដែលបានផ្ញើទៅនាយករដ្ឋមន្ត្រីកាណាដា ត្រាំ ក៏បានត្អូញត្អែរ អំពីអ្វីដែលគាត់ហៅថាលំហូរនៃ fentanyl ពីប្រទេសកាណាដា ក៏ដូចជាពន្ធគយ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធរបស់ប្រទេស ដែលប៉ះពាល់ដល់សហរដ្ឋអាមេរិក។ ដោយលោកបានបន្ថែមថា ឱនភាពពាណិជ្ជកម្មនេះគឺជាការគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

លើសពីនេះ នៅក្នុងបទសម្ភាសន៍ជាមួយ NBC News ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Trump បាននិយាយថា ដៃគូពាណិជ្ជកម្មផ្សេងទៀតដែលមិនទាន់បានទទួលសំបុត្របែបនេះទំនងជានឹងប្រឈមមុខនឹងពន្ធសរុប។ 

ដោយ ត្រាំ បញ្ជាក់ថា "មិនមែនគ្រប់គ្នាត្រូវតែទទួលបានលិខិតនោះទេ។ យើងគ្រាន់តែកំណត់ពន្ធរបស់យើងប៉ុណ្ណោះ" ។

បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីមានអំណាចរបស់អាមេរិករូបនេះ លោក Carney បាននឹងកំពុងរៀបចំដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកនិងកំពុងមានបំណង ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួនត្រឹមថ្ងៃទី ២១ ខែកក្កដា ខាងមុខទៀត។ យ៉ាងណាវិញ បើក្រឡេកទៅមើលក្នុងលិខិតរបស់ ត្រាំ មិនបាននិយាយជាពិសេសអំពីរបៀបដែលការចរចាពាណិជ្ជកម្មកំពុងដំណើរការនោះទេ ប៉ុន្តែលោកបាននិយាយថា "ពន្ធអាចនឹងត្រូវបានកែប្រែ ឡើង ឬចុះ អាស្រ័យលើទំនាក់ទំនងរបស់យើងជាមួយប្រទេសរបស់អ្នក។"

គួរបញ្ជាក់ឲ្យដឹងថា ប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់សហរដ្ឋអាមេរិកបន្ទាប់ពីម៉ិកស៊ិក និងជាអ្នកទិញធំបំផុតនៃការនាំចេញរបស់សហរដ្ឋអាមេរិក។

ប្រទេសនេះបានទិញទំនិញអាមេរិកចំនួន ៣៤៩.៤ ពាន់លានដុល្លារកាលពីឆ្នាំមុន និងបាននាំចេញ ៤១២.៧ ពាន់លានដុល្លារទៅសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញ៕