ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំបែបបទនិងនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់របស់មន្ត្រីរាជការ ទីប្រឹក្សា មេធាវី ក្រុមប្រឹក្សាអ្នកច្បាប់ ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។
លោក ឡេង ប៉េង ឡុង បានមានប្រសាសន៍ថា យោងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លោកចង់អោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជម្រាបជូនអង្គប្រជុំពីនីតិវិធីក្នុងការត្រួតពិនិត្យរកសារធាតុញៀន។
ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិ បុណ្យរិទ្ធ បានមានប្រសាសន៍ថា នីតិវិធីត្រួតពិនិត្យសារធាតុញៀនមានបីផ្នែក ៖
(១)ការរៀបចំធ្វើតេស្ត ។
(២ )ទទួលលទ្ធផលក្រោយធ្វើតេស្ត។
(៣ )លទ្ធផលក្រោយធ្វើតេស្តពេលវិជ្ជមាន និងធ្វើទៅតាមនីតិវិធីច្បាប់។
លោក ឡេង ប៉េងឡុង បានថ្លែង អំណរគុណជូនអាជ្ញាធរប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ដែលបានបកស្រាយពន្យល់យ៉ាងក្បោះក្បាយពីបែបបទនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាអោយមានការរីកចម្រើនឡើង ៕