លោក ប៉ែន បូណា បានរំលេចប្រសាសន៍ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយឈរលើការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ។
ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
ក្នុងបេសកកម្មនេះ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជាបានជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមានតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិក្នុងវិស័យនានា និងតំណាងប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ជំនួបពិភាក្សាទាំងនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ព្រមទាំងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស រួមទាំងសិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗ។ ក្នុងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានជម្រាបជូនដៃគូអន្តរជាតិអំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងផលប៉ះពាល់លើសិទ្ធិប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារការរារាំងពីបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង។
កាលពីចុងខែកុម្ភៈកន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយ ប្រសិនបើគ្មានសន្តិភាព ខណៈការអភិវឌ្ឍក៏មិនអាចកើតមានបានដែរ ប្រសិនបើគ្មានសន្តិសុខ»។ ក្នុងទំនាក់ទំនងរដ្ឋ និងរដ្ឋ លោកបានគូសបញ្ជាក់ថា «ការការពារសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ»។
ក្នុងប្រទេសផងដែរ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ ដូចជា សម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ប្រជាពលរដ្ឋដែលអាចវិលត្រឡប់ទៅផ្ទះវិញបាន ត្រូវបានអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលឱ្យវិលត្រឡប់ជាបន្តបន្ទាប់ និងជួយស្តារជីវភាពឡើងវិញ។
តាមការបញ្ជាក់ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹកប្រមាណជិត ៩៣ ភាគរយ ក្នុងចំណោម ជាង ៦៤ ម៉ឺននាក់ បានវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយ ខណៈប្រជាពលរដ្ឋ ជាង ៤ ម៉ឺន ៥ ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់បាននៅឡើយ។ ពួកគេកំពុងទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជាការផ្តល់ជម្រកបណ្តោះអាសន្ន និងការថែទាំជីវភាពរស់នៅ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា «កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលភាគីទាំងពីរបានឯកភាពគ្នា»។
កម្ពុជាបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ Uti Possidetis Jurisនិងឯកសារពាក់ព័ន្ធនានា ដោយបញ្ជាក់ថា «កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»៕



