2026-03-13 14:46
7

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បានឯកភាពគ្នានៅថ្ងៃនេះ ក្នុងការអនុវត្ត វិធានការតាមដាន និងឆ្លើយតបបន្ថែមនៅកម្រិតមូលដ្ឋាន ចំពោះការចែកចាយ និងការកំណត់ថ្លៃលក់ប្រេង និងឧស្ម័នឥន្ធនៈ។ នេះបើតាមការបញ្ជាក់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ។

ចំពោះវិធានការនេះ គឺមានគោលបំណង «ធានាការស្ថិរភាព និងតម្លៃសមរម្យ» ក្នុងទីផ្សារថាមពលសម្រាប់ប្រជាពលរដ្ឋ និងវិស័យសេដ្ឋកិច្ចក្នុងស្រុក។ ក្រសួងទាំងពីរបានអះអាងថា ការត្រួតពិនិត្យនេះនឹងបន្តឲ្យមានភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាពក្នុងការចែកចាយប្រេង និងឧស្ម័នឥន្ធនៈ ទៅអ្នកប្រើប្រាស់ចុងក្រោយ។

តាមការបញ្ជាក់របស់ លោក កែវ រតនៈ នាឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា វាយតម្លៃ និងលើកផែនការផ្គត់ផ្គង់ឧស្ម័នឥន្ធន:ជាមួយអ្នកជំនាញបច្ចេកទេស និងក្រុមហ៊ុននាំចូលឧស្ម័នឥន្ធន:ពាក់ព័ន្ធថ្មីៗនេះ បានលើកឡើងថា «បើទោះបីជាការផ្គត់ផ្គង់ឧស្ម័នឥន្ធន:មិនទាន់ជួបការខ្វះខាត ប៉ុន្តែ តម្លៃកំពុងមានការកើនឡើង ហើយហានិភ័យនៅតែមានដោយសារបញ្ហាពិភពលោក»។

ភ្ជាប់ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវចំពោះការជួយសន្សំសំចៃក្នុងការប្រើប្រាស់ឧស្ម័នឥន្ធន:ផងដែល៕