សៀមរាប៖ ជនត្រូវចោទឈ្មោះ ស៊ាង អូន និងឈ្មោះ ប៊ី ពិសិដ្ឋ ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនក្នុងពន្ធនាគារពីបទ៖ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)”។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ បានបញ្ជាក់ថា៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន ០២នាក់ បន្ថែមទៀត ដែលជាមេក្រុមនៅក្នុង ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក មានឈ្មោះ ស៊ាង អូន ភេទប្រុស កើតឆ្នាំ១៩៨៨ និងឈ្មោះ ប៊ី ពិសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៨៦ ទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
ការឃុំខ្លួនជនត្រូវចោទ ទាំង០២នាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទឃើញថា៖ “ជនត្រូវចោទទាំង ០២នាក់ មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ”។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបសូមបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការ សំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់៕