សៀមរាប៖ តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ ចំនូន ០៣នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌករណី «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ដែលបង្កដោយជនសង្ស័យប្រមាណ ២០នាក់ ប្រព្រឹត្តលើយុវតីម្នាក់យ៉ាងសាហាវឃោរឃៅបំផុត។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌ បាននាំខ្លួនជនត្រូវចោទ ចំនួន ០៣នាក់ បន្ថែមទៀត មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរពាក់ព័ន្ធនឹងសំណុំរឿង «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស»។
ក្រោយពីបានសួរចម្លើយជនត្រូវចោទទាំងបីនាក់រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ គិតមកដល់ត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ជនត្រូវចោទដែលមានការពាក់ព័ន្ធនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៥ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នបានចំនួន ០៨នាក់រួចហើយ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថា៖ «សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់»៕