2025-11-11 13:23
5

ញូវដេលី៖ ប៉ូលិសប្រទេសឥណ្ឌា បានបើកការស៊ើបអង្កេតករណី បំផ្ទុះរថយន្តដ៏សាហាវមួយ នៅទីក្រុងញូវដេលី ក្រោមច្បាប់ប្រឆាំងភេរវកម្ម បណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងតិច ចំនួន ០៨ នាក់ និងរបួសជាង ២០នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅជិត Red Fort តំបន់ប្រវត្តិសាស្ត្រសំខាន់មួយក្នុងសម័យ Mughal កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។ យោងតាមប៉ូលិស បានបញ្ជាក់ថា រថយន្តមួយបានធ្វើដំណើរយឺតៗ មកឈប់នៅចំណុចភ្លើងស្តុបចរាចរណ៍ មុននឹងផ្ទុះនៅម៉ោងប្រហែល ៧យប់។

រដ្ឋមន្ត្រីមហាផ្ទៃសហព័ន្ធ លោក Amit Shah បានថ្លែងថា “ទិដ្ឋភាពទាំងអស់” កំពុងត្រូវបានស៊ើបអង្កេត និងទីភ្នាក់ងារសន្តិសុខជាតិនឹងឈានដល់ការសន្និដ្ឋានក្នុងពេលឆាប់ៗនេះ។

សូមជម្រាបថា ទីតាំងប្រវត្តិសាស្ត្រ Red Fort គឺជាសំណង់ស្ថាបត្យកម្មសំខាន់ ដែលរួមបញ្ចូលរចនាបថពែរ្ស និងឥណ្ឌា មានភ្ញៀវទេសចរជាច្រើនមកទស្សនារាល់ឆ្នាំ។ ករណីបំផ្ទុះនេះត្រូវបានចាត់ទុកថាជាករណីកម្រនៅក្នុងទីក្រុងដែលមានប្រជាជន ជាង ៣០ លាននាក់រស់នៅ និងមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត៕