2025-11-11 10:10
4

ថៃ៖ ក្រោយទាហានថៃ ០២នាក់ រងរបួសដោយសារជាន់មីន ខណៈកំពុងល្បាតនៅជិត Huai Ta Maria ស្រុក Kantharalak ខេត្ត Si Saket ក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ ដែលបណ្តាលឲ្យទាហានម្នាក់បានបាត់បង់ជើងស្តាំនោះ ស្រាប់តែនៅថ្ងៃដដែល កងទ័ពអាកាសថៃ បានបង្ហាញពីសមត្ថភាពប្រយុទ្ធក្នុងសមយុទ្ធដ៏ធំរបស់ខ្លួននៅលើបណ្ដាញសង្គមភ្លែត ដោយគេមិនច្បាស់ថា តើការបង្ហាញពីសមត្ថភាពសមយុទ្ធដ៏ធំបែបនេះរបស់យោធាថៃ នៅក្នុងគោលបំណងអ្វីឲ្យប្រាកដនោះទេ។

តាមការចេញផ្សាយដោយ Khaosod បានឲ្យដឹងថា សមយុទ្ធនេះបានសាកល្បង និងវាយតម្លៃប្រតិបត្តិការផ្លូវអាកាសយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ របស់យោធាថៃ ដើម្បីបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសខ្លួន ក្នុងការការពារអធិបតេយ្យភាពជាតិដោយប្រើបច្ចេកវិទ្យាយោធាទំនើប និងយុទ្ធសាស្ត្រប្រយុទ្ធតាមអាកាសបែបទំនើប។

ក្នុងន័យចង់បង្អួតសាច់ដុំទ័ពអាកាសរបស់យោធាថៃលើបណ្ដាញសង្គម ស្របពេលទាហានខ្លួនបានជាន់មីនក្បែរព្រំដែនបែបនេះ ថៃហាក់ចង់គម្រាមដោយប្រយោលមកលើកម្ពុជា ខណៈភាគីទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចរាល់ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ ដោយមានវត្តមានបុរសមហាអំណាចអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី និងប្រធានប្ដូរវេនអាស៊ានជាអ្នកសម្របសម្រួល។

គួររំឭកថា នេះមិនមែនជារឿងថ្មីនោះទេ ដែលទាហានថៃជួបឧប្បត្តិហេតុជាន់មីន ហើយវាក៏មិនមែនជារឿងចៃដន្យដែរ ដែលសុខៗយោធាថៃបានបង្ហោះរូបភាពសមយុទ្ធទ័ពអាកាសទំនើបរបស់ខ្លួនបែបនេះ។ 

ម្យ៉ាងវិញទៀតទាំង លោក អានុទីន និងអគ្គមេបញ្ជាការថៃ បានប្រកាសក្ដែងៗថា ពួកគេនឹងផ្អាករាល់កិច្ចព្រមព្រៀង រួមទាំងប្រតិបត្តិការដោះស្រាយទាំងអស់ជាមួយកម្ពុជា ជាពិសេសគឺការពន្យាពេលបញ្ជូនកងកម្លាំងទាំង១៨ រូបមកឲ្យកម្ពុជាវិញតែម្ដង។ 

យ៉ាងណាមិញ នៅថ្ងៃទី១១ វិច្ឆិកា នេះផងដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ជុំវិញការលើកឡើងថា កម្ពុជាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ 

ក្រសួងការពារជាតិ បញ្ជាក់ថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ៕