2025-11-10 13:57
6

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា (MACPP) ចំនួន ១២ ប្រទេស នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍នេះមានគោលបំណងជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវិស័យអាទិភាពដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍រួម ដូចជា៖ ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតី រវាងកម្ពុជានិងថៃ។

លោកបានសង្កត់ធ្ងន់ថា «កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសម្រាប់ការសម្របសម្រួលជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីអភិវឌ្ឍផលប្រយោជន៍រួម និងស្ថាពរភាពតំបន់»។ លោកក៏បានគូសបញ្ជាក់បន្ថែមទៀត នូវការថ្លែងអំណរគុណរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ការគាំទ្រប្រកបដោយក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបញ្ចប់ដោយបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែន កម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។

ក្នុងអំឡុងនៃបទបង្ហាញនេះ មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ បន្ថែមទៀតអំពី វិធាន នីតិវិធី និងផែនការសកម្មភាពដែលបានព្រមព្រៀងដោយភាគីទាំងពីរ ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌ជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP)។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការរួមចំណែកសកម្មក្នុងការរក្សាសន្តិភាព និងការទាក់ទងយោធាជាមួយប្រទេសជិតខាង ដោយឆ្ពោះទៅរកការស្តារឡើងវិញនូវប្រក្រតីភាពយ៉ាងឆាប់រហ័ស៕