2025-11-10 09:49
6

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសារអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ។ 

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានថ្លែងថា៖ “ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យរបស់កម្ពុជា”។

លោក Rubio បានបញ្ជាក់ថា “សហរដ្ឋអាមេរិក និងកម្ពុជា បានរក្សាទំនាក់ទំនងជិតស្និទ្ធជាង ៧០ឆ្នាំ ដោយផ្អែកលើការជឿទុកចិត្ត ការគោរព និងផលប្រយោជន៍រួម។ ភាពជាដៃគូររវាងប្រទេសទាំងពីរបានជួយជម្រុញសន្តិភាព សន្តិសុខ និងការរីកចម្រើនសម្រាប់ប្រជាជនទាំងពីរ”។

នៅចុងសាររបស់លោក Rubio សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ក្នុងឱកាសដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមជូនពរឲ្យលោកអ្នកមានពិធីអបអរសាទរដ៏សប្បាយរីករាយ និងសន្តិភាព នៅក្នុងឱកាសខួបលើកទី ៧២ នៃឯករាជ្យជាតិនៃប្រទេសរបស់លោកអ្នក៕