2025-11-10 11:59
8

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០:៣០នាទី ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុម ការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ 

កិច្ចប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែល ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។

គួរបញ្ជាក់ផងដែរថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។